លោកគ្រូ ធន់ សុភា រំពឹងខ្ពស់ទៅលើ ម៉ឺន សុភា ដោយសារតែនេះគឺជាការប្រកួតរុំអំបោសក្នុងកម្មវិធី Thai Fight
ការចេញទៅប្រកួតកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខរបស់កីឡាករគុនខ្មែរ ម៉ឺន សុភា នៅមិនទាន់ដឹងត្រូវជួបកីឡាកររូបណាពិតប្រាកដនៅឡើយនោះទេ ដោយត្រូវរង់ចាំការចាប់ឆ្នោតរកដៃគូជាមុនសិនដែលក្នុងនោះបេក្ខភាពមានកីឡាករថៃ គិតិ ស.ច ដែនរ៉ាក់យ៉ង កីឡាករ រុស្សី Anton Tolkmit និង កីឡាករ Gabriel Mazzetti ជនជាតិ ប៉េរូ ។
ជាមួយគ្នានេះ លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់ក្នុងក្លឹបក្រសួងការពារជាតិ បាននិយាយប្រាប់ MSR SPORT ថា៖ ការចេញទៅប្រកួតរបស់ ម៉ឺន សុភា ក្នុងកម្មវិធី Thai Fight នៅថ្ងៃខាងមខុនេះ លោកមានការជឿជាក់ខ្ពស់ ដោយសារតែកម្មវិធីនេះគេប្រកួតរំុអំបោស ស្របពេលដែលកូនសិស្សរបស់លោកមានជំនាញផ្នែកខាងប្រើដៃស្រាប់ ដូច្នេះនេះគឺជារឿងអំណោយផលមួយផងដែរ។ តែទោះបីជាយ៉ាងណា លោកក៏មានការព្រួយបារម្ភខ្លាំងដូចគ្នា ព្រោះលោកដឹងច្បាស់ថា ម៉ឺន សុភា ឥឡូវគឺមិនដូចពីមុនឡើយ ពោលគឺចាប់តាំងពីមានបញ្ហារបួសជើងមក ម៉ឺន សុភា ស្ទើកំលាំងជាងមុន។ ហើយការចូលរួមប្រកួតកម្មវិធី Thai Fight នេះទៀតសោត បើយើងចាញ់មានការបាក់មុខបន្តិចបន្តួច តើបើយើងឈ្នះវិញគឺល្បីជាងចាញ់។
សម្រាប់ការស្វែងរកដៃគូគឺធ្វើឡើងនៅថ្ងៃថ្លឹងទម្ងន់នាថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការប្រកួតនេះដូចទៅហ្នឹងការប្រកួតរបស់ កែវ រំចង់ ដែលជួបកីឡាករ អ៊ុយក្រែន ក្នុងកម្មវិធីនេះដែរ ។ សូមបញ្ចាក់ថា គង់ សំបូរ នឹងត្រូវប្រកួតជាមួយកីឡាករភូមា លើប្រភេទទម្ងន់ ៦៣ គីឡូក្រាមពាក់ហ្គង់ ខណៈ ម៉ឺន សុភា ត្រូវប្រកួតជម្រុះខ្សែក្រវាត់ជាមួយកីឡាករដែលរូបគេចាប់ឆ្នោតជួបលើប្រភេទទម្ងន់ ៧០គីឡូក្រាម ក្នុងការប្រកួតរំុអំបោះ ៕