Giroud មានបំណងចង់ទៅប្រកបអាជីពនៅសហរដ្ឋអាមេរិច
(BC-99)
ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea Olivier Giroud បានសារភាពថាគេចង់លេងនៅ MLS ក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៀត។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះស្ទើរតែបានចូលរួមជាមួយក្រុម Inter Milan ទៅហើយកាលពីខែមករាកន្លងមកនេះដោយសារតែមូលហេតុលេចវត្តមានរបស់ Timo Werner ដែលជាខ្សែប្រយុទ្ធថ្មីរបស់ពួកគេ។
Giroud ជឿជាក់ថានៅមិនសល់ប៉ុន្មានរដូវកាលទៀតទេរូបគេនឹងសម្រេចចិត្តចាកចេញពីពិភពបាល់ទាត់អឺរ៉ុបនិងឈានជើងទៅលេងនៅពីភពបាល់ទាត់សហរដ្ឋអាមេរិកវិញម្តង។ រូបគេបាននិយាយដែរថា៖ “និយាយដោយស្មោះត្រង់ការវិលត្រឡប់ទៅកាន់ប្រទេសបារាំងវាមិនមែនជាជំរើសអាជីពអាទិភាពរបស់ខ្ញុំទេ។ ខ្ញុំមិនធ្វើអ្វីដែលមិនចំណេញដល់អាជីពទេ។ ខ្ញុំនឹងផ្តោតការយកចិត្តទុកដាក់លើដំណើរផ្សងព្រេងថ្មីមួយនៅក្នុងលីកបរទេស”។
ដោយមិនទាន់គិតថានឹងចាកចេញនាពេលនេះ Giroud បាននិយាយបន្តទៀតថា “ខ្ញុំសង្ឃឹមថាខ្ញុំនឹងលេងក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀតក្នុងកាលទេសសុខភាពអំណោយផល។ ខ្ញុំមិនដែលលាក់ចំណាប់អារម្មណ៍លើបញ្ហាប្រឈមដែលអាចកើតមាននៅសហរដ្ឋអាមេរិកទេ”។
គួរឱ្យដឹងដែរថាកីឡាករបារាំង Olivier Giroud ត្រូវបានក្រុមតោខៀវ Chelsea ទិញពីក្លឹបកាំភ្លើងធំ Arsenal កាលពីឆ្នាំ ២០១៨កន្លងទៅដោយបានចូលរួមប្រកួតបានចំនួន ៥៩ ដងនិងស៊ុតបញ្ចូលទីបានចំនួន ១៣ គ្រាប់ផងដែរ។