២ក្រុមទៀតហើយដកខ្លួនពីវគ្គជម្រុះ AFC U23 Championship 2022
ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំចិន និងក្រុម U23 ព្រុយណេ បានដកខ្លួនពីការប្រកួតជម្រុះ AFC U23 Championship 2022 ហើយ។
ក្រុមទាំង២ស្ថិតនៅពូល G ជាមួយឥណ្ឌូនេស៊ី និងអូស្ត្រាលី ដែលពូល G នេះត្រូវប្រកួតនៅប្រទេសតាហ្ស៊ីគីស្ថានពីថ្ងៃទិ២៣ ដល់ថ្ងៃទី៣១ ខែតុលា។
បើតាមសេចក្ដីថ្លែងការណ៍ពីសហព័ន្ធកីឡាបាល់ទាត់ចិន គឺការដកខ្លួននេះដើម្បីការពារការរាលដាលជំងឺកូវីដ១៩, វិធានការត្រួតពិនិត្យ, ការរឹតបន្តឹងលើការហោះហើរ និងហេតុផលផ្សេងៗទៀត ដែលមិនអាចឲ្យក្រុម U22 ចិនហោះទៅប្រទេសតាហ្ស៊ីគីស្ថានបាន។ ដូច្នេះពួកគេត្រូវដកខ្លួនទាំងស្ដាយ។
ចំណែកក្រុម U23 ព្រុយណេឯណោះក៏មិនខុសពីចិនដែរ គឺដោយសារការព្រួយបារម្ភជុំវិញជំងឺកូវីដ១៩។
ជាជំនួសវិញ ចិននឹងត្រៀមក្រុមយុវជនរបស់ខ្លួនសម្រាប់ Asian Games 2022 នៅក្រុងហាងចូវវិញ។
បន្ទាប់ពីការដកខ្លួនរបស់ចិន និងព្រុយណេ អូស្ត្រាលី និងឥណ្ឌូនេស៊ី ត្រូវប្ដូរទៅប្រកួតតទល់គ្នា២ជើងវិញ នៅថ្ងៃទី២៧ និងថ្ងៃទី៣០ ខែតុលា។
ដោយឡែក ក្រុមជម្រើសជាតិកម្ពុជាដែលស្ថិតនៅពូល K ត្រូវប៉ះហុងកុង ថ្ងៃទី២៣ ខែតុលា និងម្ចាស់ផ្ទះពូល K ជប៉ុន ថ្ងៃទី២៦ ខែតុលា៕