Fiorentina បញ្ជាក់រកឃើញករណីវិជ្ជមានកូវីដ១៩លើកីឡាករ និងក្រុមគ្រូបង្វឹកចំនួន៦នាក់
Fiorentina បានធ្វើការកោះហៅកីឡាកររបស់ខ្លួនទាំងអស់ត្រឡប់មកវិញដើម្បីធ្វើការជួបជុំហ្វឹកហាត់ ក្រោយពេលដែលក្របខ័ណ្ឌ Serie A មានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅខែក្រោយ បន្ទាប់ពីអត្រាអ្នកឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលីមានភាពថមថយចុះ។
យ៉ាងណាក្តីក្រោយបានកោះហៅ ក្លឹបក៏បានធ្វើតេស្តទៅលើកីឡាករ និងក្រុមការងារទាំងអស់ផងដែរកាលពីថ្ងៃពុធ ហើយជាលទ្ធផលគឺបានរកឃើញករណីវិជ្ជមានកូវីដ១៩លើកីឡាករ និងក្រុមគ្រូបង្វឹកចំនួន៦នាក់។ ភ្លាមៗម្ចាស់ជើងឯក Serie A ២សម័យក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា៖ “ក្រោយពីបានធ្វើការពិនិត្យរួចរាល់ ក្លឹបសូមបញ្ជាក់ថាកីឡាករ៣រូប និងក្រុមការងារគ្រូបង្វឹក៣រូប មានភាពវិជ្ជមាននៃវីរុសកូវីដ១៩។”
គួរឱ្យដឹងថា កាលពីសប្តាហ៍មុននាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានប្រកាសអនុញ្ញាតឱ្យកីឡាករទាំងអស់នៅក្របខ័ណ្ឌនឹងចាប់ផ្តើមហ្វឹកហាត់ជាលក្ខណៈឯកជន មុនពេលធ្វើការហ្វឹកហាត់ជាក្រុម ខណៈក្របខ័ណ្ឌ Serie A នឹងមានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅខែក្រោយដើម្បីបញ្ចប់រដូវកាល២០១៩/២០របស់ខ្លួន។
យ៉ាងណាក្តី តាមរយៈសារព័ត៌មានមួយចំនួននៅអ៊ីតាលីបានចុះផ្សាយថា រដ្ឋាភិបាលប្រទេសអ៊ីតាលីក៏កំពុងតែនឹងពិចារណាក្នុងការបញ្ចប់រដូវកាល Serie A រដូវកាលនេះផងដែរ បើសិនជាក្លឹបទាំងអស់និងក្រសួងសុខាភិបាលមិនឯកភាពគ្នាលើលក្ខខណ្ឌមួយចំនួនក្នុងការធានាអំពីសុវត្ថិភាពរបស់ក្រុមកីឡាករទាំងអស់។