FA និង League អង់គ្លេសស្នើរដ្ឋាភិបាលអនុញ្ញាតឲ្យមានអ្នកចូលមើលនៅស្តាតជាថ្មី
សមាគមកីឡាបាល់ទាត់អង់គ្លេស និងលីគបានជំរុញរដ្ឋាភិបាលអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលដល់កីឡដ្ឋានសាជាថ្មីវិញ ដោយធានាថា នឹងរៀបចំការប្រកួតប្រកបដោយវិធានការការពារយ៉ាងខ្ជាប់ខ្ជួន។
រដ្ឋាភិបាលសង្ឃឹមថានឹងអនុញ្ញាតមានការត្រឡប់មកវិញនូវចំនួនមនុស្សពី ២៥ ទៅ ៣៣ ភាគរយចាប់ពីថ្ងៃទី០១ ខែតុលា ប៉ុន្តែកាលពីខែមុន នាយករដ្ឋមន្រ្តី Boris Johnson បាននិយាយថាផែនការទាំងនោះត្រូវបានរក្សាទុកជាផ្នែកមួយនៃការរឹតត្បិតថ្មីដើម្បីបង្ការការរីករាលដាលកូវីដ១៩។
នាយកប្រតិបត្តិក្របខណ្ឌ Premier League លោក Richard Masters, នាយកប្រតិបត្តិ FA លោក Mark Bullingham, នាយក FA នារី អ្នកស្រី Kelly Simmons និងនាយកប្រតិបត្តិ EFL លោក David Baldwin បាននិយាយថា ពួកគេបានធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យមានសុវត្ថិភាពសម្រាប់ការត្រឡប់មកវិញរបស់អ្នកគាំទ្រ។
នៅក្នុងលិខិតនោះបាននិយាយថា“៖ការប្រកួតបាល់ទាត់បុរស និងនារីទទួលបានជោគជ័យក្នុងការធ្វើតេស្ដ១១ដងហើយ ហើយនេះបញ្ជាក់ថា យើងអាចគ្រប់គ្រងការប្រកួតដោយសុវត្ថិភាព។”
អង្គភាពគ្រប់គ្រងបាននិយាយថា ក្លិបបានបង្ហាញរួចហើយថា ពួកគេមានវិធានការសុវត្ថិភាព។ លិខិតនោះបានបន្ថែមថា៖”យើងនឹងបន្តជំរុញរដ្ឋាភិបាលអនុញ្ញាតឲ្យមានអ្នកគាំទ្រត្រលប់ទៅកីឡដ្ឋានវិញ ជាមួយនឹងវិធានការត្រួតពិនិត្យយ៉ាងដិតដល់៕”