ចាប់ផ្តើមហើយ ! ពានរង្វាន់សម្តេច ហ៊ុន សែន ជើងទី២ប្រជុំដោយក្រុមខ្លាំងប៉ះខ្លាំង
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ៨ក្រុមចុងក្រោយជើងទី២ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ០៧ និង ០៨ ខែ តុលា ឆ្នាំ ២០២០ នេះហើយ ដើម្បីរកក្រុម៨ឡើងទៅវគ្គបន្តក្នុងដំណើរឆ្ពោះទៅកាន់ជើងឯកប្រចាំ ឆ្នាំ ២០២០ នេះ ។
សម្រាប់ថ្ងៃ ពុធ ទី ០៧ មានការប្រកួតចំនួន២គូ ដែលមានក្រុម គិរីវង់សុខសែន ត្រូវទទួលក្រុមបាល់ទាត់ភ្នំពេញក្រោន នាទឹកដីខេត្ត តាកែវ វេលាម៉ោង ៣:៣០ នាទីរសៀល ខណៈជើងទី១ ក្រុមលោក ស៊ុំ វណ្ណា បានយកឈ្នះ ២ ទល់ ១ នៅទឹកដី Smart RSN ។
ការប្រកួតមួយគូទៀតជាជំនួបរវាងក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ត្រូវបើកកីឡដ្ឋានស្វាយរៀងស្វាគមន៍ក្រុម ណាហ្គាវើល វេលាម៉ោង ៦ ល្ងាច ស្របពេលជើងទី១ នាកីឡដ្ឋានស្តាតចាស់ក្រុមទាំងពីរស្មើគ្នា ២ ទល់ ២ ។
ថ្ងៃ ព្រហស្បត្តិ៍ ទី ០៨ មានចំនួន២គូទៀត ក្នុងនោះមានក្រុម កងយោធពលខេមរភូមិន្ទ ត្រូវធ្វើដំំណើរទៅទឹកដីក្រុមខេត្តព្រៃវែង ប្រកួតម៉ោង ៣:៣០ នាទីរសៀល ដោយជើងទី១ ក្រុមទ័ព ឈ្នះក្នុងលទ្ធផល ១ ទល់ ០ នៅស្តាតចាស់ ។ ចំណែក ក្រុមបាល់ទាត់ វិសាខា និង បឹងកេត ត្រូវតតាំងគ្នាក្នុងជើងទី២ ដើម្បីរកមួយក្រុមឡើងទៅវគ្គបន្ត ដោយការប្រកួតនេះធ្វើឡើងនៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ៦ល្ងាច ខណៈជើងទី១ ស្មើគ្នា ១ ទល់ ១ នៅទឹកដី ក្រុមជើងឯកចាស់ បឹងកេត ។
សូមបញ្ជាក់ថា ការប្រកួតនេះសហព័ន្ធបាល់ទាត់កម្ពុជាបានបើកអោយអ្នកចូលទស្សនាបានចំនួន ១០ ភាគរយ នៃចំនួនកីឡដ្ឋានដែល មានកៅអីអ្នកទស្សនាសរុបទាំងអស់ ៕ រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន