ខ្សែប្រយុទ្ធ U-19កម្ពុជាដែលសុ៊តចូលជម្រើសជាតិថៃ ចែកផ្លូវជាមួយក្លិប នរគបាលជាតិ
ក្លិបបាល់ទាត់នគរបាលជាតិបានប្រកាសពីការចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធវ័យ មិត សាម៉ើយ ដែលជាកីឡាករម្នាក់ជួយអោយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជាឆ្លងទៅវគ្គ១៦ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ AFC Championship U-19 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូល G កន្លងទៅ ។
ក្នុងលិខិតប្រកាសនោះបានសរសេរថា ៖ ក្លិបបាល់ទាត់នគរបាលជាតិ សូមជំរាបសាធារណជន ជុំវិញការសម្រេចចិត្ត ក្នុងការចែកផ្លូវជាមួយកីឡាករ មិត សាម៉ើយ ចាប់ពីពេលនេះតទៅ ។
ក្នុងនាមថ្នាក់ដឹកនាំ លោកគ្រូ កីឡាករ ក្រុមការងារ សូមអរគុណ ចំពោះ ការខិតខំប្រឹងប្រែងជួយក្លិបកន្លងមក ហើយក៏សូមជូនពរ មិត សាម៉ើយ ជួបតែសំណាងល្អ និងជោគជ័យនាពេលអនាគត ។
ការចាកចេញពីក្លិប ប៉ូលិស នេះគេមិនទាន់ដឹងតែថា យុវជនដើមកំណើតខេត្តបន្ទាយមានជ័យ រូបនេះទៅចូលរួមជាមួយក្លិបណានោះទេ ខណៈទីផ្សារដោះដូរកីឡាកររបស់លីហ្គកំពូលកម្ពុជាបានបិទបញ្ចប់ កាលថ្ងៃទី ៣០ ខែ កញ្ញា នេះទៅហើយ ។
មិត សាម៉ើយ ជាអតីតកីឡាករអង្គការមួយនៅខេត្តបាត់ដំបង បន្ទាប់មកក៏ផ្លាស់មកចូលរួមជាមួយ យុវជនភ្នំពេញក្រោន នឹងបន្តទៅចូលរួមជាមួយក្លិប ស្នងការនរគបាលជាតិ ។ សាម៉ើយ ធ្លាប់ជាប់ជម្រើសជាតិ U-16 U-18 និង U-19 ដោយបានរួមចំណែកយ៉ាងសំខាន់ ជួយអោយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជាឆ្លងទៅវគ្គ១៦ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ AFC Championship U-19 ក្នុងការស៊ុតចូលជម្រើសជាតិ U-19 ថៃ ១គ្រាប់ ជួយ កម្ពុជា ឈ្នះ ថៃ ក្នុងលទ្ធផល ២ ទល់ ១ នាពហុកីឡដ្ឋានជាតិ ។
សម្រាប់ឆ្នាំ ២០២០ នេះគ្រូបង្វឹកជនជាតិជប៉ុនក៏កោះហៅរូបគេធ្វើការប្រមូលផ្តុំហ្វឹកហាត់ក្នុងជម្រើសជាតិដើម្បីសាកល្បងសមត្ថភាពដើម្បីយក ២៣ នាក់ចុងក្រោយ ទៅចូលរួមប្រកួតនៅប្រទេស អូបីគីស្ថាន ដែរ ប៉ុន្តែត្រូវបានកាត់ចេញ វិញ ក្រោយធ្វើតេសត្ថកីឡាករជាង៤០នាក់រួមរាល់ ៕