Messi រកបានគ្រាប់បាល់ដំបូងនៅ Ligue 1 ខណៈគ្រូថ្មី Aston, Barca, Norwich ឈ្នះថ្ងៃដំបូង
Lionel Messi រកបានគ្រាប់បាល់ដំបូងឲ្យ Paris Saint Germain ក្នុងការប្រកួតក្របខណ្ឌកំពូលបារាំងពេលឈ្នះ Nantes ៣ទល់នឹង១ នៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា។
គ្រាប់បាល់របស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនកើតឡើងក្នុងនាទី៨៧ ដោយការទាត់មួយជើងឆ្វេងក្រៅប្រអប់ និងជាគ្រាប់ទី៣របស់ PSG។
ក្នុងការប្រកួតនេះដែរ អ្នកចាំទី Keylor Navas ទទួលបានកាតក្រហម ដោយការចេញផុតខ្សែទៅរារាំងបាល់ Ludovic Blas របស់ Nantes។ Navas បានលោតបុកចំ Blas ហើយអាជ្ញាកណ្ដាលក៏លើកកាតក្រហមភ្លាមៗ។
សរុបមក Messi រកបាន៤គ្រាប់ហើយឲ្យ PSG ដោយ៣គ្រាប់ទៀតនៅ UEFA Champions League។
នៅអេស្ប៉ាញឯណោះវិញ លោក Xavi ទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងក្នុងនាមជាគ្រូបង្គោលថ្មី FC Barcelona តាមរយៈជ័យជម្នះ១ទល់នឹង០លើ Espanyol រកគ្រាប់បាល់បានដោយ Memphis Depay ក្នុងនាទី៤៨ ដែលជាបាល់ពិន័យ១១ម៉ែត្រ។
Barcelona ឡើងទៅលេខ៦ មាន២០ពិន្ទុពីការប្រកួត១៣លើក។
នៅ Premier League លោក Steven Gerrard របស់ Aston Villa និងអ្នកចាត់ការថ្មី Norwich លោក Dean Smith ក៏ទទួលបានជ័យជម្នះក្នុងថ្ងៃដំបូងនៅក្លិបថ្មីដូចៗគ្នា។
Aston Villa ឈ្នះ Brigthon & Hove Albion ២ទល់នឹង០ បញ្ចប់ភាពមិនឈ្នះ៥លើកជាប់ៗគ្នា។ ពួកគេក៏បានឡើងទៅលេខ១៥ មាន១៣ពិន្ទុ ពីការប្រកួត១២លើក។
ចំណែកលោក Dean Smith ដែលត្រូវបាន Aston Villa បញ្ចប់តំណែង បានឈ្នះការប្រកួតដំបូងនៅ Norwich City លើ Southampton ២ទល់នឹង១។ Southampton នេះហើយដែលធ្វើឲ្យលោក Smith អស់តំណែង ហើយប្រកួតចុងក្រោយនៅ Aston Villa បានចាញ់ក្រុមគូប្រជែងនេះឯង៕