ក្រុមតោខៀវ Chelsea ត្រៀមកញ្ចប់លុយទិញ Erling Haaland ពី Borussia Dortmund ក្នុងតម្លៃផ្តាច់កុងត្រាគុណនឹង២
នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ Borussia Dortmund ត្រូវបានគេរាយការណ៍មកថា បានកំណត់តម្លៃ១៨០លានអឺរ៉ូសម្រាប់ក្លឹបណាដែលកំពុងតែបង្ហាញការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Erling Haaland។
ការកំណត់តម្លៃខាងលើនេះរបស់ក្រុមជើងឯក DFB Pokal គឺដើម្បីចងជើងកីឡាករសញ្ជាតិន័រវេសឱ្យបន្តនៅទឹកដីអាល្លឺម៉ង់ជាបន្តទៀត ស្របពេលដែលក្រុមធំៗមួយចំនួននៅអឺរ៉ុបចាប់ផ្តើមធ្វើការចរចារជាមួយសមាជិករបស់ខ្លួន។ របាយការណ៍ដែលបានចុះផ្សាយខាងលើនេះគឺស្របពេលដែលភ្នាក់ងាររបស់ Erling Haaland បានចេញមុខមកបញ្ជាក់ថា បើទោះបីជា Dortmund ចង់ទុករូបគេមួយរដូវកាលទៀត ប៉ុន្តែមិនប្រាកដថាសាមីខ្លួនចង់នៅបន្តទៀតដែរ។
យ៉ាងណាក្តីនៅក្នុងពេលថ្មីៗនេះ ក្រុមតោខៀវ Chelsea បានត្រៀមកញ្ចប់លុយទិញខ្សែប្រយុទ្ធ Erling Haaland ពី Borussia Dortmund ក្នុងតម្លៃផ្តាច់កុងត្រាគុណនឹង២ ពោលគឺចំនួន១៥០លានអឺរ៉ូ រួមជាមួយនឹងលក្ខខ័ណ្ឌផ្ទាល់ខ្លួនដ៏ពិសេសថែមទៀតផង។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Erling Haaland បានសម្រេចការផ្លាស់ពី Salzburg មកកាន់ទឹកដីអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួន២០លានអឺរ៉ូតែប៉ុណ្ណោះ ដោយគិតមកទល់ពេលនេះរូបគេស៊ុតបញ្ចូលទីបាន៤០គ្រាប់ហើយក្នុងការបង្ហាញខ្លួន៤០លើកគ្រប់កម្មវិធីទាំងអស់ឱ្យ Borussia Dortmund កាលពីរដូវកាលមុន។