អ្នកចាត់ការថ្មី Newcastle ត្រូវអវត្តមានការប្រកួតដំបូងដោយសារបញ្ហាមួយ
លោក Eddie Howe ត្រូវអវត្តមានពីការដឹកនាំប្រកួតដំបូងរបស់ខ្លួនក្នុងក្របខណ្ឌ Premier League ក្នុងនាមអ្នកចាត់ការថ្មី Newcastle United បន្ទាប់ពីតេស្ដឃើញវិជ្ជមានកូវីដ១៩។
បុរសវ័យ៤៣ឆ្នាំផ្ទុះដំណឹងនេះឡើងនៅថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា បន្ទាប់ពីការតេស្ដយ៉ាងដិតដល់ក្នុងរយៈពេល២៤ម៉ោង មុនទទួល Brentford។
ជំនួយការ លោក Jason Tindall និងលោក Graeme Jones នឹងកាន់ការងារជំនួស ខណៈក្រុមសារិកាព្រៃកំពុងស្វែងរកជ័យជម្នះលើកដំបូង។
អតីតអ្នកចាត់ការ Bournemouth ត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។ លោកនឹងទាក់ទងក្រុមការងារ និងកីឡាករតាមរយៈប្រព័ន្ធអនឡាញ។
លោក Eddie Howe ត្រូវបានតែងតាំងជាអ្នកចាត់ការ បន្ទាប់ពីការមកដល់របស់ម្ចាស់ក្លិបថ្មីដែលជាជនជាតិអារ៉ាប៊ីសាអ៊ូឌីត៕