ឃីម បូរ៉ា យកលុយលានពីគោជល់ធូរ នឹងបន្តរក្សាកំណត់ត្រាមិនចាញ់ (វីឌីអូប្រកួត )
អ្នកលេងគុនខ្មែរ ឃីម បូរ៉ា នៅតែបបន្តភាពខ្លាំងរបស់ខ្លួនក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ដោយបានផ្តួលកីឡាករ បាង កាយ៉ាក់ ត្រឹមទឹកទី២ ទទួលបានលុយឧបត្ថម្ភ ១លានរៀលបន្ថែមពីក្រុមហ៊ុន គោជល់ ក្នុងការប្រកួតកាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដណ្តើមប្រាក់លាន ។
ក្នុងសម័យកូវីដ១៩ ដែលមិនមានកីឡាករបរទេសមកប្រកួតនេះ ប្អូនប្រុសរបស់ ឃីម ឌីម៉ា ឈ្នះជើងខ្លាំងស្រុកខ្មែរជាច្រើនក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមនេះ និងគ្រងខ្សែក្រវាត់បាន១ខ្សែទៀតផង ដោយក្នុងនោះរូបគេធ្លាប់ចាញ់ ឈុត សេរីវាន់ថង តែម្តង ប៉ុណ្ណោះ ហើយបានយកឈ្នះវិញ ក្រៅពីនោះរូបគេឈ្នះទាំងអស់ មានដូចជា តាញ់ មករា ៣ដង ឈ្នះ ម៉ឺន មេឃា , សុខ សាវិន , លី ភា , ពុទ្ធ សំបូរ ជាដើម ។
ក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ដណ្តើមប្រាក់លាន កាលពីថ្ងៃសៅរ៍ ក្រៅពី ឃីម បូរ៉ា ក៏នៅមានកីឡាករគុនខ្មែរផ្សេងទៀតយកបានលុយបន្ថែមពីក្រុមហ៊ុនគោជល់ផងដែរ ដោយក្នុងនោះមាន លាភ រដ្ឋា ឈ្នះពិន្ទុ ធន់ អៀនឡៃ ទទួលបានលុយបន្ថែម ១លានរៀល កីឡាករ ឡុង ជិន ឈ្នះពិន្ទុ សុខ សាវិន ទទួលបាន១លានរៀល និង ឡុង ពិសិដ្ឋ ផ្តួលកីឡាករ អេលីត អាណាន់ យកបានលុយបន្ថែម ៤០ ម៉ឺនរៀលពីគោជល់ ។
សូមបញ្ជាក់ថា កម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ ជាកម្មវិធីតែមួយគត់ ដែលបានចូលរួមផ្តល់ឱកាសដល់កីឡាករគុនខ្មែរថ្មីៗ និងថ្នាលគុនខ្មែរ អោយបានឡើងសង្វៀនដើម្បីពង្រឹងសមត្ថភាពនិងទទួលបានថវិការច្រើន ដើម្បីគុនខ្មែរស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕