ប្រភពមួយផ្សាយថា Barcelona នឹងមិនបង់លុយ Liverpool រឿង Coutinho ឈ្នះ UCL ទេ
សារព័ត៌មាន Mundo Deportivo ស្រង់សម្ដីប្រភពពី FC Barcelona ថា ក្លិបនៅ La Liga មួយនេះនឹងមិនបង់ប្រាក់៥លានអឺរ៉ូដល់ Liverpool ចំពោះការដែល Philippe Coutinho ឈ្នះពាន UEFA Champions League នៅ Bayern Munich ទេ។
ប្រភពដដែលទទួលដំណឹងថា ការបង់ប្រាក់បន្ថែមធ្វើឡើងដរាបណា ខ្សែបម្រើប្រេស៊ីលខាងលើឈ្នះជើងឯកកំពូលអឺរ៉ុបនេះជាមួយក្រុមអ្នកមានបុណ្យប៉ុណ្ណោះ។ យ៉ាងណា ការចុះផ្សាយនេះផ្ទុយពីការលើកឡើងរបស់សារព័ត៌មានអង់គ្លេសដែលបញ្ជាក់ថា Liverpool បានចងលក្ខខណ្ឌក្នុងកិច្ចសន្យាដែលតម្រូវឲ្យ Barca ត្រូវបង់លុយទៅហង្សក្រហម ៥ លានអឺរ៉ូប្រសិនបើ Coutinho ឈ្នះ Champions League មិនថា ក្នុងក្លិបណាមួយទេ។
នៅដើមឆ្នាំ ២០១៨ Barcelona ទិញ Coutinho ពី Liverpool តម្លៃ ១៤០ លានអឺរ៉ូ។ ក្រោយមិនសូវជោគជ័យនៅ Camp Nou អតីតសមាជិកក្លិប Inter Milan បានទៅចូលរួមជាមួយ Bayern Munich លើលក្ខខណ្ឌខ្ចី នៅរដូវក្ដៅ២០១៩។
ក្នុងចំណោម៣៤ប្រកួតសម្រាប់ក្រុមជើងឯកអាល្លឺម៉ង់ ខ្សែបម្រើវ័យ២៨ឆ្នាំរកបាន១១គ្រាប់ និងបញ្ជូន៩លើកឲ្យមិត្តរួមក្រុម។
វគ្គ ១/៤ UEFA Champions League គេបានប្ដូរចូលទីលានក្នុងនាទីទី៧៥ និងរកបានពីរគ្រាប់ ហើយបញ្ជូនមួយលើកពេលឈ្នះក្រុមដើម FC Barcelona ៨ទល់នឹង២។ អតីតយុវជនក្លិប Vasco da Gama បានបង្ហាញខ្លួននៅវគ្គទីពីរ វគ្គផ្ដាច់ព្រ័ត្រដែល Bayern Munich ឈ្នះ Paris Saint Germain ១ទល់នឹង០ គ្រងជើងឯក UEFA Champions League លើកទី៦៕