Zidane: Bale មិនចង់លេងជាមួយ Man City ទេ
(BC-99)
កាលពីថ្ងៃពុធកន្លងទៅក្រុម Real Madrid បានបង្ហាញឈ្មោះកីឡាករទាំង២៤នាក់របស់ខ្លួនក្នុងដំណើរទៅប្រកួតនាកីឡដ្ឋាន Etihad ដោយរាប់បញ្ចូលទាំងប្រធានក្រុម Sergio Ramos ទៅផងបើទោះជាកីឡាកររូបនេះមិនអាចលេងនៅជើងទី ២ នេះដោយសារការព្យួរឈ្មោះក៏ដោយ ក៏ប៉ុន្តែមិនមានឡើយកន្លែងសម្រាប់ Bale ។
មុននឹងការប្រកួតដែលចូលមកដល់នៅយប់ថ្ងៃសុក្រនេះលោក Zidane បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំនឹងពន្យល់ពីព្រោះមានរឿងជាច្រើនត្រូវបានគេនិយាយ។ យើងមានការគោរពគ្នាទៅវិញទៅមករវាងកីឡាករនិងគ្រូបង្វឹកវាច្បាស់ណាស់។ រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថាគាត់បានសម្រេចចិត្តមិនលេងជាមួយ City” ។
Zidane កាន់តែមានការខកចិត្តកាន់តែខ្លាំងឡើងនៅពេលឆ្លើយសំណួរលើ Bale ដែលអាចហាក់ដូចជាគ្មានអនាគតនៅឯទីក្រុងម៉ាឌ្រីដប៉ុន្តែនៅតែបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២២ ។
លោក Zidane បានបន្ថែមថា “ខ្ញុំបានឆ្លើយរួចហើយអំពីស្ថានភាពនេះ។ អ្វីដែលនៅសល់គឺជាការសន្ទនារវាងកីឡាករនិងគ្រូបង្វឹក ខ្ញុំមិនអាចនិយាយប្រាប់អ្វីលើសពីនេះបានទេដោយសារតែជាសិទ្ធឯកជន”។
ចំពោះសំណួរដែលទាក់ទងនឹងអនាគត Gareth Bale ជាមួយ Los Blancos វិញលោក Zidane បានឆ្លើយថា “Gareth Bale គឺជាកីឡាកររបស់ Real Madrid ។ គ្មានអ្វីដែលផ្លាស់ប្តូរទេ!” ។