កីឡាករបាល់ទាត់៣រូបបង្ហាញខ្លួននៅក្លិបថ្មី
កីឡាករបាល់ទាត់៣រូបបានបង្ហាញខ្លួននៅក្លិបថ្មីក្នុងរដូវកាលដោះដូរកីឡាករបាល់ទាត់នៅកម្ពុជាបានសម្រាប់ត្រៀមការប្រកួតពានរង្វាន់ ហ៊ុន សែន ខាប់ ថ្នាក់ជាតិប្រចាំឆ្នាំ២០២០ និងការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ Mefphone Cambodia League ក្នុងជើងទី២ នាពេលខាងមុខនេះ ។
កីឡាករទាំង៣នាក់នោះរួមមាន ខ្សែបម្រើ ម៉ាត់ យ៉ាមីន ខ្សែប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន និងខ្សែការពារ ប្រាក់ សុវណ្ណពិសិដ្ឋ ដែលពួកគេបានផ្លាស់ចេញពីក្លិបចាស់របស់ខ្លួននិងបានស្វែងរកក្លិបថ្មីឃើញនៅលីហ្គកំពូលកម្ពុជា ។
- ម៉ាត់ យ៉ាមីន
អតីតកីឡាករ បឹងកេត បានផ្លាស់មកចូលរួមជាមួយក្លិបបាល់ទាត់ អគ្គស្នងការនរគបាលជាតិ សម្រាប់ត្រៀមការប្រកួតពានរង្វាន់បាល់ទាត់ ហ៊ុន សែន ខាប់ និងការប្រកួតពានរង្វាន់លីហ្គកំពូលកម្ពុជាសម្រាប់ជើងទី២ ។ យ៉ាមីន ត្រូវបានក្លិប បឹងកេត បញ្ចប់កិច្ចសន្យាកាលពីប៉ុន្មានមុន ដោយសារពាក់ព័ន្ធនឹងការបែកធ្លាយរូបថតក្នុងក្លិបកំសាន្តមួយកន្លែង ហើយថ្មីៗត្រូវបានក្លិប ប៉ូលិស ចុះកុងត្រាតែម្តង ។
- សារី ម៉ាត់ណូរ៉ូទីន
ក្រោយប្រកាសចាកចេញពីក្លិបបាល់ទាត់ វិសាខា ខ្សែប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន បានបង្ហាញខ្លួនក្នុងក្រុមបាល់ទាត់ចាស់របស់ខ្លួនវិញគឺ ណាហ្គាវើល សម្រាប់ការត្រៀមខ្លួន រកួតពានរង្វាន់បាល់ទាត់ ហ៊ុន សែន ខាប់ និងការប្រកួតពានរង្វាន់លីហ្គកំពូលកម្ពុជាសម្រាប់ជើងទី២ ។ អតីតកីឡាករបាល់ទាត់ភ្នំពេញក្រោន រូបនេះបានចាកចេញពី ណាហ្គាវើល ក្រោយជួយក្លិបឈ្នះជើងឯកកាលពីឆ្នាំ ២០១៨ ដោយមកចូលរួមជាមួយក្លិប វិសាខា ប៉ុន្តែដោយសារមិនសូវបានបង្ហាញ ខ្លួនលើទីលាន ទើបឈានដល់ការចាកចេញវិញកាលពីពេលថ្មីៗ កន្លងទៅនេះ ។
- ប្រាក់ សុវណ្ណពិសិដ្ឋ
ខ្សែការពារវ័យក្មេងរូបនេះត្រូវបានក្លិបបាល់ទាត់ សួលទីឡូអង្គរ ប្រកាសចែកផ្លូវកាលពីពេលថ្មីៗនេះ ខណៈមុនការប្រកួតពានរង្វាន់ ហ៊ុន សែន ខាប់ ថ្នាក់ជាតិដែលចាប់ផ្តើមនៅថ្ងៃនេះរូបគេបានបង្ហាញខ្លួននៅក្លិបបាល់ទាត់ គិរីវង់ សុខសែន ជ័យ ។សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទាត់ ហ៊ុន សែន ខាប់ ថ្នាក់ជាតិជើងទី១ នឹងចាប់ផ្តើមនៅថ្ងៃនេះ ខណៈការប្រកួតលីហ្គកំពូលកម្ពុជា នៅសល់២សប្តាហ៍ទៀតនឹងបិទបញ្ចប់ការប្រកួតជើងទី១ នឹងឈានទៅការប្រកួតជើងទី២ ៕