ក្រោយធ្លាក់ UEL គ្រូ Wolves ត្រូវការកីឡាករបន្ថែមពង្រឹងក្រុម
“Wolverhampton ត្រូវការកីឡាករបន្ថែមទៀតដើម្បីសម្រួចក្រុមកាន់តែខ្លាំង។”នេះជាការលើកឡើងរបស់អ្នកចាត់ការ Nuno Espirinto Santo ក្រោយចាញ់ Sevilla ធ្លាក់នៅវគ្គ៨ក្រុម UEFA Europa League កាលថ្ងៃអង្គារ ទី១១ ខែសីហា។
Wolves នឹងមិនលេងកម្មវិធីអឺរ៉ុបទៀតទេនៅរដូវកាលក្រោយ ដោយសារបញ្ចប់ត្រឹមលេខ៧នៅ Premier League។
លោក Nuno សារភាពថា កូនក្រុមរបស់លោកបច្ចុប្បន្នមានតិចជាងគេបើប្រៀបទៅក្រុមឯទៀតនៅក្របខណ្ឌកំពូលអង់គ្លេស ដូច្នេះមានតែត្រូវការកម្លាំងថែមទៀត។
មួយក្បាលពី Lucas Ocampos បានបញ្ជូន Sevilla ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះ Manchester United ក្រោយ Raul Jimenez ទាត់១១ម៉ែត្រមិនចូល។
នៅ Premier League រដូវកាលនេះ Wolves មានកីឡាករតែ២១នាក់ប៉ុណ្ណោះ តិចជាងគេ៣នាក់ ហើយ៨នាក់ក្នុងចំណោមកីឡាករទាំងនោះបង្ហាញខ្លួនច្រើនជាង៥០ប្រកួត។
លោក Nuno បន្ថែមថា នេះជាពេលយកកម្លាំងឡើងវិញ ព្រោះមានពេលសម្រាកយូរដែរ និងត្រៀមខ្លួនឲ្យបានល្អនៅរដូវកាលក្រោយ។
គួរដឹងដែរថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Manchester United ត្រូវប៉ះ Sevilla ថ្ងៃទី១៦ ខែសីហា និង ថ្ងៃទី១៧ ខែសីហា Inter Milan ប៉ះ Shaktar Donetsk ដែលបានទម្លាក់ FC Basel ៤ទល់នឹង១។