លោក Louis van Gaal លើកទឹកចិត្តដល់កីឡាករបាល់ទាត់ដែលស្រលាញ់ភេទដូចគ្នាកុំអោយមានការខ្មាសអៀន
(BC-99)
អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United និងជម្រើសជាតិ ហូឡង់ បានទទូចថាបាល់ទាត់មិនមែនជាកញ្ចក់នៃសង្គមឡើយហើយជឿជាក់ថាកីឡាករបាល់ទាត់ដែលស្រឡាញ់ភេទដូចគ្នាត្រូវតែមានក្តីក្លាហានហ៊ានប្រឈមនិងការពិត។
លោក Van Gaal អាយុ ៦៨ ឆ្នាំដែលបានចូលនិវត្តន៍កាលពីមួយឆ្នាំមុនបន្ទាប់ពីបញ្ចប់អាជីពជាគ្រូបង្វឹកដ៏អស្ចារ្យដែលនៅ ហូឡង់ អេស្ប៉ាញ និងអាឡឺម៉ង់ បានបង្ហើបអោយដឹងថាគាត់មានការសង្ស័យថាមានកីឡាករមួយចំនួនដែលគាត់ធ្លាប់បានគ្រប់គ្រងគឺជាមនុស្សស្រឡាញ់ភេទដូចគ្នា។
លោកបានអោយដឹងថានេះគឺជាបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ហើយលោកក៏មិនបានផ្តល់យោបល់អោយពួកគេបញ្ចេញអារម្មណ៍ពិតនាអំឡុងពេលប្រមូលផ្តុំនោះទេ តែពួកគេគួរតែបង្ហាញចេញនៅពេលចេញផុតពីរង្វង់បាល់ទាត់។
នៅពេលត្រូវបានសួរថាតើមានកីឡាករខ្ទើយនៅក្រុមបាល់ទាត់អាជីពដែរឬទេលោក Van Gaal បានឆ្លើយថា មាន តែមិនច្រើនទេ។
លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា វាជារឿងផ្ទាល់ខ្លួនអំពីបញ្ហាផ្លូវភេទ! តែលោកមិនចង់អោយមានការលាក់លៀមរវាងកីឡាករដែលស្រឡាញ់ភេទដូចគ្នាដែលនាំទៅដល់ការកើតមានជាវិបតិ្តផ្សេងៗ ដូចនេះពួកគេគួរតែចេញមុខទទួលយកការពិតវាល្អជាង។