
UEFA ពិន័យ PSG
ការចាយលើសខ្ទង់លើ Kylian Mbappe និង Lionel Messi បូករួមទាំងការខាតបង់មួយចំនួនក្នុងជំនួញរបស់ Paris Saint Germain ធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប សម្រេចពិន័យក្លិបបារាំងមួយនេះ។
សារព័ត៌មានបារាំង L’Equipe រាយការណ៍ថា បញ្ហាប្រាក់ឈ្នួលខ្ពស់ៗនៅ PSG ជាដើមហេតុដល់ការល្មើសបញ្ញត្តិសមភាពហិរញ្ញវត្ថុរបស់ UEFA។ ទន្ទឹមនឹងនេះ Marseille ក៏ជួបបញ្ហានេះដែរ។ ពួកគេនឹងទទួលរងពិន័យនាពេលខាងមុខ។
ប្រសិនបើ PSG មិនអាចធ្វើឲ្យមានសមតុល្យផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក្នុងរយៈពេល៣រដូវកាលបន្ទាប់ទេ នោះពួកគេនឹងរងពិន័យធ្ងន់ រួមទាំងការមិនលេង UEFA Champions League ថែមទៀត។ យ៉ាងណា PSG និង Marseille នៅមានសិទ្ធប្ដឹងទៅតុលាការមជ្ឍត្តកម្មកីឡា។
សម្រាប់ PSG វិញបានតកុងត្រា៣ឆ្នាំដល់ Mbappe ដែលឲ្យគេនូវថ្លៃនឿយហត់៥០លានអឺរ៉ូក្នុងមួយរដូវកាល ហើយបូកទាំង bonus ទៀតសរុបទៅ១៨០លានអឺរ៉ូ។ ខ្សែប្រយុទ្ធកើតឆ្នាំ១៩៩៨ក៏ទទួលបានសិទ្ធិផ្សព្វផ្សាយរូបភាពខ្លួន១០០ភាគរយថែមទៀត។
ជាមួយគ្នានេះ PSG ត្រូវផ្ដល់៤០លានអឺរ៉ូបន្ថែមដល់ Lionel Messi ក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យា៕