ចាន់ សំអាត៖ “បើទោះជាធ្លាក់ខ្លួនក្រក៏មិនបន្ទោស គុនខ្មែរ ដែរ”
(BC-99)
ស្របពេលដែលសកម្មភាពប្រកួតកីឡាគុនខ្មែរកាន់តែមមារញឹកពីមួយសប្តាហ៍ទៅមួយសប្តាហ៍ក្នុងអំឡុងពេលផ្ទុះជំងឺ Covid-19 នេះគេឃើញមានការគាស់កកាយនូវកីឡាករចាស់ៗមកបង្ហាញខ្លួនឡើងវិញដើម្បីជាការឆ្លើយតបអោយទាន់ពេលវេលានូវកង្វះកីឡាករប្រកួតនៅតាមសង្វៀននីមួយៗ។
ជាក់ស្តែង ចាន់ សំអាត ដែលត្រូវបានលោក ម៉ា សេរី អតីតប្រធានផ្នែកកីឡាដ៏ឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍ CTN MYTV និង CNC ផ្តល់រហស្សនាមថា ខ្លាចាស់ភ្នំដងរែក ក៏បានវិលមកកាន់សង្វៀនប្រកួតឫស្សីកែវសាជាថ្មីដែរក្រោយពីបាត់មុខពីទីនោះអស់រយៈពេលជិតបីឆ្នាំទៅហើយនោះ។
នៅក្នុងថ្ងៃនេះកាលពីប៉ុន្មានម៉ោងមុនគេបានឃើញអ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តសៀមរាបម្នាក់នេះបានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមកម្មសិទ្ធផ្ទាល់ខ្លួន Chan Som Art (ខ្លាចាស់ ភ្នំដងរែក) ក្រោយពីផ្តួល ថា សារុន អោយសន្លប់ថា៖
“🐅 បើសិនទៅថ្ងៃមុខជីវភាពខ្ញុំបានប្រសើរ ខ្ញុំនឹង និយាយថា គុនខ្មែរធ្វើឲ្យខ្ញុំមានថ្ងៃនេះ អរគុណគុនខ្មែរ៚
តែបើជីវិតខ្ញុំមិនបានប្រសើរឡើងទេ ខ្ញុំសន្យានឹងខ្លួនឯងថាមិនធ្វើឲ្យប៉ះពាល់ដល់ឈ្មោះគុនខ្មែរដាច់ខាត ហើយមិនធ្វើឲ្យក្មេងជំនាន់ក្រោយដែលស្រឡាញ់គុនខ្មែរបាក់ទឹកចិត្តដោយសារខ្ញុំទេ🙏
៙ខ្លាចាស់ភ្នំដងរែក😽”
ឆ្លើយតបទៅនឹងសំណេរខាងលើនេះគេឃើញមានអ្នកចូលទៅបញ្ចេញយោបល់ជិត១០០ដង អ្នកចុច Like ចំនួនជិត មួយពាន់នាក់ និងមានការចែករម្លែកតគ្នាជាង ១០០ដងដែរនោះគឺភាគច្រើនបានសម្តែងនូវចំណាប់អារម្មណ៍កោតសរសើរដល់រូបគេដែលបានតាំងចិត្តមិនបន្ទោសដាក់គុនខ្មែរក្នុងករណីប្រសិនបើគេធ្លាក់ខ្លួនតោកយ៉ាក។
កាលពីពេលកន្លងមកអ្នកស្នេហាវិស័យកីឡាគុនខ្មែរធ្លាប់បានឃើញរួចមកហើយនូវកីឡាករប្រដាល់មួយចំនួនដែលបានត្អូញត្អែរតាមបណ្តាញសង្គមរបស់ផងខ្លួនដោយបានបន្ទោសនិងប្តេជ្ញាមិនអោយកូនរបស់ខ្លួនចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរឡើយ ព្រោះគេយល់ថាអាជីពមួយនេះជួយអោយរូបគេល្បីនៅពេលដែលគេនៅជាកីឡាករខ្លាំងតែប៉ុណ្ណោះ តែនៅពេលដែលគេថមថយកម្លាំងវ៉ៃលែងកើត នឹងលែងមានអ្នកចាប់អារម្មណ៍តទៅទៀតដែលធ្វើអោយគេធ្លាក់ខ្លួនរកចំណូលលែងបានជាដើម។
ឆ្លើយតបទៅនឹងសំនួររបស់ក្រុមការងារ MSR សំអាត បានធ្វើការអះអាងថា អ្វីដែលគេបានសរសេរទាំងនេះគឺវាកើតចេញពីបេះដូងស្រឡាញ់គុនខ្មែរពិតប្រាកដ មិនមែនជាការបញ្ចើចបញ្ចាល់អោយអ្នកណាម្នាក់នោះទេ។ ជាការពិតណាស់រូបគេក៏មិនដែលចាប់អារម្មណ៍ពីពាក្យតម្អូញតម្អែររបស់កីឡាករម្នាក់ណាដែរ តែគេចូលរួមជួយឈឺឆ្អាលរាល់មិត្តរួមអាជីពដែលពិតជាមានបញ្ហានិងខ្វះខាតពិតប្រាកដ។
គួរបញ្ជាក់ថាអ្នកប្រដាល់ដែលតែងតែរុលចូលទៅដោយមិនខ្លាចសន្លប់រូបនេះបានចាប់អាជីពជាអ្នកប្រយុទ្ធគុនខ្មែរក្នុងកម្មវិធី KWC របស់ស្ថានីយ៍ទូរទស្សន៍ MYTV និងបានក្លាយជាម្ចាស់ខ្សែក្រវាត់របស់កម្មវិធីដែលមានលោក ម៉ា សេរី ជាអ្នកផលិតនិងគ្រប់គ្រងកម្មវិធីក្នុងអំឡុងឆ្នាំ ២០១៥។ គិតមកដល់ពេលនេះគេបានប្រឡូកក្នុងវិស័យកីឡាករគុនខ្មែរបានចំនួន ៥៣ ដងដោយទទួលបានជ័យជម្នះចំនួន ២៩ដង ចាញ់២២ដង ស្មើ២ដង និងបានផ្តួលដៃគូដោយលក្ខណៈបច្ចេកទេសបានចំនួន ១៥ដងដែរ។