កម្ពុជាសង្វៀនគុនខ្មែរ៖ ឃីម បូរ៉ា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈដែល ឈុត សេរីវ៉ាន់ថង ត្រូវប្រកួតជម្រុះជាមួយ ពុទ្ធ សំបូរ
បន្ទាប់ពីកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរបានផ្អាក់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលទី៣ក្រុមទី២មួយរយៈ ដោយសារតែបង្ហាញជំងឺ កូវីដ-១៩ បានធ្វើឲ្យកម្មវិធីកំពុងមានប្រជាប្រិយ៍មួយនេះត្រូវប្រកួតលក្ខណៈមិត្តភាពគុនខ្មែរប្រកួតជាមួយគុនខ្មែរ តែអមដោយការប្រកួតដណ្តើមប្រាក់លាន។ ជាក់ស្តែងកាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅ កម្មវិធីក៏បានប្រកាសឲ្យដឹងថា នៅចុងសប្តាហ៍ថ្ងៃសៅរ៍នេះ ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ក្រុមទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងដំណើរការវិញជាធម្មតាហើយ ដោយក្នុងនោះកីឡាករ ឈុត សេរីវ៉ាន់ថង ត្រូវប្រកួតជាមួយ ពុទ្ធ សំបូរ និង ឃីម បូរ៉ា ត្រូវប្រកួតជាមួយនិង ប្រាប់ ផៃរី។
មានបងប្អូនជាច្រើនបានឆ្ងល់ថា តើកីឡាករថៃ ប្រាប់ ផៃរី មកប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ ឃីម បូរ៉ា របៀបណា? បើយោងទៅលើលោក ម៉ា ស៊ីថេត អ្នករៀបចំកម្មវិធីប្រដាល់នៅ CBS បានឲ្យដឹងថា៖ ពិតប្រាកដណាស់ ឃីម បូរ៉ា ត្រូវប្រកួតជាមួយ ប្រាប់ ផៃរី មែន! តែដោយសារខាងថៃបិទព្រំដែន ហើយក៏មិនចង់ឲ្យមានបរទេសប្រកួតជាមួយគុនខ្មែរនាពេលនេះ ដោយសារចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្តាត់ជំងឺកូវីដ-១៩ ដូច្នេះកម្មវិធីសម្រេចអោយ ឃីម បូរ៉ា ឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយមិនបាច់ប្រកួតតែម្តង។ សរុបមក រវាង ឈុត សេរីវ៉ាន់ថង និង ពុទ្ធ សំបូរ អ្នកឈ្នះនិងទៅជួប ឃីម បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់កម្ពុជាសង្វៀនគុនខ្មែរ៕