អ្នកប្រដាល់ដើមកំណើតខ្មែរ ចាន់ ណា ស្រវាបានខ្សែក្រវាត់ដំបូងនៅថៃ
អ្នកប្រដាល់ដើមកំណើតខ្មែរ សាន ចាន់ណា ស្រវាបានខ្សែក្រវាត់ម៉ារ៉ាតុនពីស្ថាប័ន Max Muay Thai នៅថ្ងៃអាទិត្យ ទី២០ ខែមីនា។
ក្នុងការប្រកួតចំណោម៤នាក់ កីឡាករមានប្រភពពីខេត្តត្បូងឃ្មុំ បានយកឈ្នះកីឡាករថៃ ផេតមិតម៉ាយ ដោយពិន្ទុ មុនឈានទៅយកឈ្នះផេតផាតាយ៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ យកបានខ្សែក្រវាត់ជាលើកដំបូងក្នុងអាជីព។
នេះជាលើកទី១ហើយដែលចាន់ ណា ឡើងប្រកួតជម្រុះឈានទៅដណ្ដើមខ្សែក្រវាត់នៅប្រទេសថៃ ចាប់តាំងពីឈានជើងចូលហ្វឹកហាត់ប្រដាល់ច្រើនឆ្នាំមក។ គេប្រកួតក្នុងប្រភេទទម្ងន់៥៩គីឡូក្រាម។
គួរដឹងដែរថា ចាន់ ណា បានទៅដល់ទៅទឹកដីថៃដំបូងក្នុងនាមជាកម្មករនេសាទ។ ដោយសារតែមានកាយសម្បទាល្អ គេត្រូវបានអតីតអ្នកប្រដាល់ថៃមួយរូបលើកទឹកចិត្តទៅហ្វឹកហាត់ និងចាប់អាជីពលើរេញ តាំងពីពេលនោះមក។
គិតមកទល់ពេលនេះ ចាន់ ណា ឡើងសង្វៀនប្រហែល២០ដងហើយ ដែលភាគច្រើនគេប្រកួត១ខែ១ដង។ ដោយឡែក គេមិនដែលមកប្រកួតនៅកម្ពុជាទេ៕