ឡៅ ចិត្រា និង មឿន សុខហ៊ុច តាំងចិត្តប្រកួតអស់ពីសមត្ថភាពក្នុងការដណ្តើមពានលោកគ្រូ ម៉ា សេរី
ពានរង្វាន់លោកគ្រូ ម៉ា សេរី លើកទី៤ នឹងរៀបចំធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ២៥ ខែ មេសា នេះដោយជើងខ្លាំងវ័យក្មេង ឡៅ ចិត្រា ត្រូវប៉ះរៀមច្បង មឿន សុខហ៊ុច ក្នុងការប្រកួតដណ្តើមពានរង្វាន់មួយនេះ នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ វេលាម៉ោង ៦ ល្ងាច ។ កីឡាករទាំងពីរសុទ្ធតែតាំងចិត្តប្រកួតអោយអស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះ បន្ទាប់ពីការប្រកួតរបស់កីឡាករជួរមុខកម្ពុជាមួយចំនួនកាលពីសប្តាហ៍កន្លងទៅអ្នកគាំទ្រជាច្រើន បានរិះគន់ចំពោះការប្រកួតលើសង្វៀនមិនអស់ពីសមត្ថភាពរបស់ពួកគេ ។
ពានរង្វាន់ ម៉ា សេរី ធ្វើឡើងដើម្បីរំលឹកដល់លោកគ្រូ ម៉ា សេរី ដែលជាស្ថាបនិកគុនខ្មែរដ៏ឆ្នើមដែលបានទទួលមរណភាពកាលពីឆ្នាំ ២០១៧ ខណៈការប្រកួតដណ្តើមពានរង្វាន់នេះលើកទី១បានទៅលើកីឡាករថៃ នឹងត្រាក់កាន ដោយឈ្នះ អ៊ុំ ចំរើន លើកទី២ បានទៅលើ រឿង សោភ័ណ្ឌ ដោយឈ្នះកីឡាករថៃ សុ៊បពើឆ័យ និង លើកទី៣ ក្នុងឆ្នាំ ២០១៩ ឈុត សេរីវាន់ថង ឈ្នះ អេលីត សាន់ ៕