អេលីត ចំរើន ថាប៉ះ ម៉ឺន មេឃា បើឈ្នះ ចាញ់ដោយសន្លប់កាន់តែល្អ
អ្នកប្រដាល់គុនខ្មែរនៃក្លិបនាយកដ្ឋានអង្គរក្ស អេលីត ចំរើន បានដាក់ក្តីសង្ឃឹមត្រឹម៥០ភាគរយតែប៉ុណ្ណោះក្នុងការប៉ះ ម៉ឺន មេឃា ដណ្តើមជើងឯកក្រុមទី២ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា នៅសប្តាហ៍នេះ ។
កូនសិស្សរបស់លោក ស៊ន អេលីត បានលើកឡើងថា សម្រាប់ការប្រកួតនេះពិតជាសំខាន់ណាស់ ដូចនេះទាំងរូបគេនិងគូប្រកួតសុទ្ធតែប្រឹងហ្វឹកហាត់ដូចគ្នា ដូចនេះហើយរូបគេសង្ឃឹម ត្រឹម៥០ភាគរយ ដោយ៥០ភាគរយទៀតត្រូវរង់ចាំការប្រកួតលើសង្វៀនផ្ទាល់ទើបដឹងលទ្ធផល ហើយបើអាចមិនចង់ឈ្នះ ចាញ់ដោយពិន្ទុនោះ ទេ កុំអោយមានមតិរិះគន់ណាមួយ ។
ចំរើន បន្ថែមថា ម៉ឺន មេឃា ជាកីឡាករល្អម្នាក់ដែលមិនងាយស្រួលក្នុងការយកឈ្នះនោះទេ ជាពិសេសកណ្តាប់ដៃរបស់គេលឿន មិនអាចមើលស្រាលបាន ។
គួររំលឹកថា មុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ អេលីត ចំរើន បានយកឈ្នះកីឡាករ សោម វិឆ័យ ដោយពិន្ទុ ខណៈ ម៉ឺន មេឃា បានផ្តួល សូត្រ វាសនា ត្រឹមទឹកទី២ ។
សម្រាប់អ្នកឈ្នះរវាងកីឡាករទាំងពីរនឹងឡើងទៅដណ្តើមខ្សែក្រវាត់ជាមួយ ឃីម បូរ៉ា ដែលជាម្ចាស់ជើងឯកក្រុមទី១ ។
ការប្រកួត កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា រវាង អេលីត ចំរើន និង ម៉ឺន មេឃា នឹងធ្វើឡើងនៅថ្ងៃទី ១៩ ធ្នូ ២០២០ នេះជាសង្វៀន ស៊ី អ៊ិន ស៊ី ដែលមានការផ្សាយផ្ទាល់ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ៕