Thomas Muller បន្តកិច្ចសន្យាជាមួយ Bayern Munich ក្នុងពេលដែលពិភពបាល់ទាត់កំពុងរងការវាយប្រហារពីវីរុស Covid-19
(BC-99)
ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរបស់អឡឺម៉ង់ Thomas Muller បានយល់ព្រមចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយក្រុម Bayern Munich ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga រហូតដល់ឆ្នាំ ២០២៣។
នៅក្នុងកំឡុងពេលដែលប្រជាជនទាំងអស់ក្នុងពិភពលោកកំពុងតែសហការគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង Covid-19 Thomas Muller និងអ្នកពាក់ព័ន្ធ ២ នាក់ផ្សេងទៀតដែលមានវិរបុរសរបស់ក្រុមលោក Oliver Khan និងលោក Hasan Salihamidzic បានធ្វើពិធីចុះកិច្ចសន្យានេះដោយបានឈរចម្លាយ ២ ម៉ែត្រឃ្លាតពីគ្នា។ Muller បាននៅជាមួយក្លិបយក្សអាឡឺម៉ង់នេះចាប់តាំងពីគេមានអាយុ ១០ ឆ្នាំហើយបានបង្ហាញខ្លួនសរុបទាំងឈុតថ្នាលនិងអាជីពចំនួន ៥២១ ដងនិងស៊ុតបញ្ចូលទីបានជិត ២០០ គ្រាប់។
ថ្លែងទៅកាន់គេហទំព័រក្លិបបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានធ្វើរួចរាល់ Muller បាននិយាយថា “ការសហការណ៍របស់ពួកយើងនឹងនាំមកនូវភាបជោគជ័យកាន់តែខ្លាំង។ សម្រាប់ខ្ញុំអាទិភាពទីមួយគឺត្រូវពង្រីកសមត្ថភាពដើម្បីជួយ FC Bayern ហើយក្លិបក៏មានអារម្មណ៍ដូចគ្នាដែរ”។
គួរកត់សម្គាល់ដែរថា អាឡឺម៉ង់ គឺជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេដែរនៅទ្វីបអឺរ៉ុបដែលមានករណីឆ្លងវីរុស កូរ៉ូណា ឬ កូវីត-១៩ ដែលមានអ្នកឆ្លងជាង ១០៣,០០០ ករណីនិងមានអ្នកស្លាប់ ១.៨១០ នាក់។ រាល់ការប្រកួតបាល់ទាត់គ្រប់ក្របខណ្ឌរបស់ប្រទេសនេះត្រូវបានផ្អាកដោយមិនទាន់មានការបរិច្ឆេទក្នុងការវឹលត្រឡប់មកកាន់សកម្មភាពប្រកួតសារជាថ្មីវិញឡើយ។