ឃុន ឌីម៉ា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥ខែជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
អ្នកប្រដាល់លំដាប់ជួរមុខរបស់កម្ពុជា និងជា អនុសេនីយ៍ត្រី ជំនួយការ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃុន ឌីម៉ា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន១០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
លោកអនុសេនីយ៍ត្រី ឃុន ឌីម៉ា ជំនួយការ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ។
គួររំលឹកផងដែរថា ឃុន ឌីម៉ា ជាអ្នកប្រដាល់គុនខ្មែរមួយរូបធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី និងធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន២គ្រឿង បានខកខានឡើងសង្វៀន១ឆ្នាំមកហើយដោយសារបញ្ហារបួសជង្គង់ ដោយបច្ចុប្បន្នកំពុងហ្វឹកហាត់បានតិចៗឡើងវិញបន្ទាប់ពីរបួសដែលវះកាត់នៅប្រទេសថៃបានធូរស្រាល ៕