![](https://www.msrsport.com/wp-content/uploads/2024/05/pacquiao.jpg)
Pacquiao ថា នឹងចូលរួមលើកស្ទួយគុនខ្មែរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ។ សម្ដេចធិបតី បានចាត់ទុកវត្តមានរបស់ស្ដេចប្រដាល់ពិភពលោកនេះ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា។
ឆ្លៀតឱកាសនោះ លោក Manny Pacquiao បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវក្តីរីករាយ ដែលលោកបានចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍របស់លោកពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់ ។
កីឡាករប្រដាល់សកលអាជីពអន្ដរជាតិ ដែលជានិមិត្តរូបនៃប្រទេសហ្វីលីពីនដដែល បានគោរពជម្រាបជូនសម្តេចធិបតីថា កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។
លោក Manny Pacquiao បានបញ្ជាក់ថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Manny Pacquiao ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ កាលពីឆ្នាំ២០១៦ ក្នុងឱកាសអមដំណើរឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចផងដែរថា វត្តមានរបស់លោក Manny Pacquiao ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ជាចុងក្រោយ សម្តេចធិបតី បានជូនពរលោក Manny Pacquiao និងគណៈប្រតិភូ ឲ្យការស្នាក់នៅកម្ពុជាប្រកបដោយភាពសប្បាយរីករាយ និងទទួលបាននូវជោគជ័យក្នុងដំណើរបំពេញបេសកកម្មនៅព្រះជាណាចក្រកម្ពុជា។
គួរដឹងថា ស្ដេចប្រដាល់ពិភពលោកវ័យ ៤៥ឆ្នាំ Manny Pacquiao បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយលោកក៏ត្រៀមនឹងអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមទស្សនាផ្ទាល់ការប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍ហនុមានគុនខ្មែរ នារាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ នៅទីក្រុងកោះពេជ្រ ដែលនឹងមានការប្រកួតមិត្តភាពអន្ដរជាតិ និងគូដណ្ដើមខ្សែក្រវាត់ រវាងកីឡាករគុនខ្មែរលំដាប់ប្រទេសជាច្រើនគូផងដែរ៕