
ឃីម បូរ៉ា ក្លាយជាជើងឯកកម្ពុជាសង្វៀនគុនខ្មែរ ខណៈ រឿង សោភ័ណ្ឌ ស្មើ ធឿន ធារ៉ា
គុនខ្មែរ ឃីម បូរ៉ា បានក្លាយជាជើងឯកកម្ពុជាសង្វៀនគុនខ្មែរក្រុមទី២ ក្រោយពីបានយកឈ្នះពិន្ទុដោយឯកច្ឆ័ន្តលើកីឡាករ ឈុត សេរីវាន់ថង ក្នុងការប្រកួតនាព្រឹកថ្ងៃ សៅរ៍ ទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ នេះ នាសង្វៀន CBS ។ ការឈ្នះនេះប្អូនប្រុសរបស់ ឃីម ឌីម៉ា ទទួលបានម៉ូតូ១គ្រឿង និងលុយ៥០០ដុល្លារ ហើយជាពិសេសត្រូវឡើងទៅដណ្តើមខ្សែក្រវាត់អមដោយលុយ៦០០០ដុល្លារជាមួយកីឡាករ តាញ់ មករា ដែលជាម្ចាស់ជើងឯកក្នុងក្រុមទី១ នាពេលខាងមុខ ។
សម្រាប់ ឈុត សេរីវាន់ថង ទទួលបានចំណាត់ថ្នាក់លេខ២ នឹងអស់ឳកាសក្នុងការឡើងទៅជួបជាមួយកីឡាករ តាញ់ មករា ចំណែក ពុទ្ធ សំបូរ ទទួលបានលេខ៣ ដោយសារកីឡាករថៃមិនបានមកប្រកួត ជំនួសមកជាការប្រកួតមិត្តភាពជាមួយ តាញ់ មករា ចាញ់ដោយសារថែមលើគូប្រកួតក្នុងថ្ងៃជាមួយគ្នានេះ ។ អ្វីដែលជាការចាប់អារម្មណ៍មួយទៀតការប្រកួតរវាង រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ក្នុងជំនួបលើកទី២ ក្រោយតស៊ូជាមួយគ្នាពេញ៥ទឹក ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុស្មើគ្នា ៕