សែន រ៉ាដេត៖ មានគូអន្តរជាតិទើបខ្ញុំវ៉ៃវិញ
បន្ទាប់ពីឈ្នះការប្រកួតអន្តរជាតិពីរប្រកួតជាប់គ្នាកាលពីដើមឆ្នាំ២០២០ សែន រ៉ាដេត បានសំរេចចិត្តផ្អាកឡើងសង្វៀនមួយរយៈទៀត ដោយរង់ចាំមានគូអន្តរជាតិឡើងវិញទើបប្រកួតជាបន្ត។ អ្នកប្រដាល់ខេត្តកោះកុងរូបនេះទើបតែចូលប្រឡូកក្នុងសង្វៀនគុនខ្មែរវិញមុនពេលជំងឺកូវីដ១៩រាលដាលពេញពិភពលោក។ ចូលហាត់ក្នុងក្លឹបប្រដាល់ ប៉ែនកាក់គុនខ្មែរ សែន រ៉ាដេត បាននិយាយប្រាប់លោក សន អេលីត គ្រូបង្វឹករបស់ខ្លួនថា ខ្ញុំមិនចង់ប្រកួតជាមួយខ្មែរដូចគ្នាទេ។ ខ្ញុំចង់ប្រកួតអន្តរជាតិជាង។ ការប្រកួតជាមួយខ្មែរដូចគ្នា បើខ្ញុំឈ្នះនោះមិនបញ្ហាទេ តែបើខ្ញុំប្រកួតចាញ់នឹងមានពាក្យសំដីច្រើនមកលើខ្ញុំ ខ្ញុំសុខចិត្តឈ្នះចាញ់លើការប្រកួតអន្តរជាតិវិញ។
សែន រ៉ាដេត ប្អូនប្រុសបង្កើតរបស់ ឆ្លាម ស និង សែន រ៉ាឌី ត្រូវបានគេទទួលស្គាល់ទូទាំងប្រទេសខ្មែរ និងប្រទេសថៃ លើការប្រកួតដ៏ប៉ិនប្រសព្វលើបច្ចេកទេសប្រកួតដ៏ស្វាហាប់។ ក្រៅពីកីឡាប្រដាល់គុនខ្មែរ រ៉ាដេត ក៏ជាកីឡាករឆ្នើមមួយរូបរបស់កម្ពុជាលើវិញ្ញាសារកីឡាវ៉ូវីណាម៕