ត្រឡប់មកពីជប៉ុនមិនទាន់បានប៉ុន្មានខែផង ទិត្យ សុវណ្ណគីរី ទៅបង្ហាត់គុនខ្មែរនៅចិនម្តង
អ្នកប្រដាល់ខេត្តកោះកុង ទិត្យ សុវណ្ណគីរី ដែលធ្លាប់ទៅបង្ហាត់គុនខ្មែរដល់កីឡាករជប៉ុននៅប្រទេសជប៉ុនអស់រយៈពេលជាច្រើនខែ ហើយក៏បានវិលត្រឡប់មកកាន់ស្រុកកំណើតនិងបានប្រកួតទាំងក្នុងនិងសង្វៀនក្រៅស្រុក ឥឡូវនេះរូបគេកំពុងបង្ហាត់គុនខ្មែរដល់កីឡាករចិនក្នុងទឹកដី ហូហាន ប្រទេសចិន ក្រោមការជួយរៀបចំឯកសារពីលោកគ្រូ ម៉ាត់ សារ៉ន។
ទិត្យ សុវណ្ណគីរី បាននិយាយប្រាប់ MSR SPORT ថា៖ ការទៅបង្ហាត់ដល់កីឡាករចិន គឺមានភាពខុសប្លែកពីនៅប្រទេសជប៉ុន ព្រោះថា ភាគច្រើនជនជាតិជប៉ុនហ្វឹកហាត់បែបសុខភាពមិនសូវផ្តោតលើការឡើងប្រកួត។ តែ!សម្រាប់ជនជាតិចិនវិញ ចូលមកហ្វឹកហាត់ដូចក្លឹប រាល់កីឡាករមានការគោរពខ្លាំងដល់អ្នកដឹកនាំក្នុងក្លឹប ហើយហាត់របៀបឡើងប្រកួតដូច K1។
គួររំលឹកថា កីឡាករគុនខ្មែរ ទិត្យ សុវណ្ណគីរី គឺជាកីឡាករមួយរូបដែលធ្លាប់មានឈ្មោះបោះសំលេងទាំងក្នុងទឹកដីកម្ពុជានិងថៃ ហើយកាលពីជាង១០ឆ្នាំមុខ កីឡាកររូបនេះសឹងតែប្រកួតក្នុងទឹកដីថៃ ច្រើនជាងនៅស្រុកខ្មែរទៀត តែក្រោយៗមកទៀតរូបគេក៏បានធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីបង្ហាត់គុនខ្មែរនៅទីនោះ ទើបកេរ្តិ៍ឈ្មោះទាំងឡាយដែលធ្លាប់បានក៏សាងឡើងត្រូវកប់បាត់ ដោយសារតែអ្នកជំនាន់ក្រោយមិនសូវបានស្គាល់និងឃើញការប្រកួតរបស់អ្នកស្រុកកោះកុងរូបនេះ៕