រកឃើញហើយ៨នាក់ចុងក្រោយដណ្តើមខ្សែក្រវាត់គោជល់
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅខេត្តរដូវកាលទី២ រកបានបេក្ខភាព៨នាក់ចុងក្រោយហើយ ក្រោយពីប្រកួតបញ្ចប់មណ្ឌលខេត្តកំពង់ធំដែលជាមណ្ឌលចុងក្រោយកាលពីថ្ងៃ សៅរ៍ ចុងសប្តាហ៍កន្លងទៅនេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ដោយរកបានបេក្ខភាពសរុប៨នាក់ឡើងប្រកួតបន្តដើម្បីដណ្តើមខ្សែក្រវាត់អមដោយប្រាក់រង្វាន់៥ពាន់ដុល្លារ ។
កីឡាករពីរនាក់ចុងករោយដែលបានឡើងកាលពីថ្ងៃ សៅរ៍ រួមមាន សូត្រ វាសនា បន្ទាប់ពីប្រកួតឈ្នះកីឡាករ សឺន ថៃសាន់ ខណៈ អេ ណារ័ត្ន បានប្រកួតឈ្នះកីឡាករ ណង សាវ ដោយពិន្ទុ ។ សម្រាប់វគ្គ៨នាក់ចុងក្រោយ អេ ណារ័ត្ន ប៉ះ សូត្រ វាសនា , អេលីត កែវឡុង ត្រូវជួបកីឡាករ សេក គឹមសាន្ត ខណៈកីឡាករដែលឈ្នះនៅមណ្ខលខេត្តកំពង់ចាម បឺត សង្ឃឹម និង ឡុង រ៉ាមី ពួកគេត្រូវជួបគ្នាផងដែរបន្ទាប់ពីឈ្នះដៃគូរៀងខ្លួនៗក្នុងអំឡុងខែ មករា និងមណ្ខលខេត្តបាត់ដំបង ស៊ន រ៉ាគីម ត្រូវជួបជាមួយជើងខ្លាំង វាន់ វឿន បន្ទាប់ពីពួកគេឈ្នះគូប្រកួត កាលពីខែថ្ងៃទី ១៥ ខែ កុម្ភៈ ។
សរុបកីឡាករទាំង៨នាក់ដែលបានឡើងមកវគ្គបន្តរួមមាន ឡុង រ៉ាមី , បឺត សង្ឃឹម , ស៊ន រ៉ាគីម , វាន់ វឿន , សេក គឹមសាន្ត ,អេលីត កែវឡុង , សូត្រ វាសនា និង អេ ណារ័ត្ន ។ សម្រាប់ជើងឯកកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២នេះ នឹងទទួលបានខ្សែក្រវាត់១គ្រឿង អមដោយប្រាក់រង្វាន់ ៥០០០ ដុល្លារ ។ សូមបញ្ជាក់ថា ម្ចាស់ជើងឯកកាលពីរដូវកាលទី១បានទៅលើកីឡាករ ចិត្រ សុភី បន្ទាប់ពីឈ្នះ រឿង សារិទ្ធ ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕