ឈឿន ឆៃដែន ត្រៀមប្រឡូកចូលសង្វៀនគុនខ្មែរវិញ បន្ទាប់ពីបានផ្អាកមួយរយៈ
កីឡាករគុនខ្មែរ ឈឿន ឆៃដែន បានបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈធំ ដោយសារតែបញ្ហារបួសជើងឆ្វេង តែបច្ចុប្បន្ននេះ ឆៃដែន ក៏ជាបុគ្គលិកទីផ្សារអចលនទ្រព្យលក់ដីឡូផងដែរ។ ជាមួយគ្នានេះ ឈឿន ឆៃដែន បាននិយាយប្រាប់ MSR SPORT ឲ្យដឹងថា៖ រូបគេបានធ្វើជាបុគ្គលិកលក់ដីឡូនេះជាង៨ខែមកហើយ ដោយពីមុនប្រកួតបណ្តើរ ធ្វើការបណ្តើរ តែក្រោយមកដោយសារតែរបួសជើងឆ្វេងមិនទាន់ជាង១០០ភាគរយ ធ្វើឲ្យការប្រកួតរបស់ខ្លួនភាគច្រើនមិនសូវជោគជ័យលើសង្វៀន។ ឆៃដែន បានបន្តទៀតថា របួសជើងឆ្វេងនេះគឺកើតឡើងកំឡុងពេលដែលរូបខ្លួនប្រកួតជាមួយ ផល សោភ័ណ្ឌ ក្នុងឆ្នាំ២០១៦ ហើយចាប់តាំពីពេលនោះមក របួសមួយនេះមិនបានជាស្បះស្បើយឡើយ ពោលគឺនៅពេលឡើងប្រកួតម្តងៗឲ្យតែដៃគូទាត់ចំរបួសចាស់ ដឹងតែមិនអាចបន្តការប្រកួតទៀតបាននោះទេ ដូច្នេះហើយទើបរូបខ្លួនត្រូវបង្ខំចិត្តផ្អាកឡើងសង្វៀនមួយរយៈ ដើម្បីព្យាបាលរបួស។
គួរបញ្ជាក់ផងដែរថា ឈឿន ឆៃដែន គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលមានអ្នកគាំទ្រស្រឡាញ់ និងសរសើរចំពោះទំរង់ប្រកួតនាពេលកន្លងមកផងដែរ ហើយឆាប់ៗខាងមុខនេះ រូបគេក៏មានបំណងវិលចូលសង្វៀនប្រកួតវិញដូចគ្នា ដោយសារតែរបួសជើងសឹងតែជា១០០ភាគរយវិញហើយ៕