ឈិន វីននីន៖ ជាប្រធានក្រុមត្រូវបង្ហាញកំហុសមិត្តរួមក្រុម នឹងកែមកត្រឹមត្រូវវិញ
ប្រធានក្រុម ឈិន វីននីន និយាយអំពីការចូលរួម និងដឹកនាំក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់ក្លិប ភ្នំពេញក្រោន នៅលើទីលាន បន្ទាប់ពីបានចូលរួមប្រកួតពានរង្វាន់ U16 Youth League មុនពេលត្រូវធ្វើការផ្អាក ក្រោយមានការផ្ទុះជំងឺរាតត្បាតសកលវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
កីឡាករវ័យក្មេងបានលើកឡើងថា៖ «ការលេងឱ្យក្រុមធម្មតាពិតជាល្អ ប៉ុន្តែការលេងឱ្យក្រុមដែលមានយុវជនថ្នាលដ៏ធំបំផុតមួយក្នុងលីគកម្ពុជា គឺដូចជាក្តីសុបិន្តក្លាយជាការពិត និងបានលើកទឹកចិត្តឱ្យខ្ញុំហ្វឹកហាត់ និងខិតខំបន្ថែមទៀតដើម្បីចូលរួមក្រុមឈុតធំនាពេលអនាគត»។ «វាមិនមែនជាការងាយស្រួលទេក្នុងការធ្វើជាប្រធានក្រុមនៅលើទីលាន ពីព្រោះអ្នកចាំបាច់ត្រូវបង្ហាញមិត្តរួមក្រុមនូវអ្វីពួកគេបានធ្វើខុស និងអ្វីត្រូវធ្វើដើម្បីឱ្យត្រឹមត្រូវវិញ។ ប្រសិនបើអ្នកជាប្រធានក្រុមអ្នកត្រូវបង្ហាញការទទួលខុសត្រូវ និងតែងតែលើកទឹកចិត្តមិត្តរួមក្រុម»។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ U16 Youth League បានធ្វើការប្រកួតជុំទី២ បានបញ្ចប់ ស្របពេលការចាប់ឆ្នោតបែងចែកពូលរបស់ U16 ភ្នំពេញក្រោន នៅជុំទី៣ នៃពានរង្វាន់ U16 Youth League ក៏នឹងធ្វើការផ្អាកផងដែរ ចំណែកការត្រលប់មកវិញនៅពេលណានោះនៅមិនទាន់ដឹងនៅឡើយទេរង់ចាំសេចក្តីប្រកាសពីសហព័ន្ធបាល់ទាត់កម្ពុជា៕
រូបភាព ភ្នំពេញក្រោន