នី សុភី សម្រេចបំណងជួប វង្ស វិឆ័យ ម្តងទៀត
នី សុភី រង់ចាំឱកាសយូរមកហើយសម្រាប់ការប្រកួតជាមួយ វង្ស វិឆ័យ ម្តងទៀត បន្ទាប់ពីរូបគេប្រកួតចាញ់ក្នុងវគ្ពគពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នាសង្វៀន អាស៊ីអាគ្នេយ៍ ដោយការចាញ់នោះរូបគេហាក់បីមិនពេញចិត្តចំពោះលទ្ធផលនាពេលនោះទេ ខណៈនៅសប្តាហ៍ខាងមុខនេះពួកគេអាចនឹងជួបគ្នាសារជាថ្មីលក្ខណៈមិត្តភាព ។
បើតាម សុភី បង្ហើបថារូបគេអាចនឹងជួប វង្ស វិឆ័យ នៅថ្ងៃទី ៤ មេសា ខាងមុខនេះ បន្ទាប់ពីសង្វៀនគុនខ្មែរត្រលប់មកវិញ ហើយការប្រកួតនេះក៏ជាការសងសឹករបស់គេផងដែរ បន្ទាប់ពីចាញ់ម្តងក្នុងការប្រកួតដណ្តើមខ្សែក្រវាត់កាលពីពេលកន្លងទៅ ។ សម្រាប់លើកនេះអតីតកីឡាករនៃក្លិបសាលវ័ន្តគុនខ្មែរ បន្ថែមថា ស្តាយដែរដែលមិនបានត្រៀមពេញ ព្រោះសមាជិកក្នុងក្លិបបានឈប់សម្រាកដោយសារបញ្ហាកូវីដ១៩ ដូចនេះខ្វះគ្នាហ្វឹកហាត់ ប៉ុន្តែយ៉ាងណានឹងប្រឹងប្រែង អោយអស់ពីសមត្ថភាព ។
សូមបញ្ចាក់ថា នី សុភី ធ្លាប់ប្រកួតចាញ់ពិន្ទុដោយមិនឯកច្ឆ័ន ៣ ទល់ ២ ជាមួយអ្នកប្រដាល់នៃក្លិបឆ័ត្រយោង៩១១ វង្ស វិឆ័យ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់លើប្រភេទទម្ងន់ ៦៧គីឡូក្រាម កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៩ នាសង្វៀន អាស៊ីអាគ្នេយ៍ ខណៈ វង្ស វិឆ័យ បានបន្តឡើងដល់វគ្គផ្តាច់ព្រ័ត្រឈ្នះកីឡាករថៃ ភិតឧប៊ុន គ្រងខ្សែក្រវាត់ក្នុងកម្មវិធីនោះតែម្តង ៕