Cristiano Ronaldo បង្ហាញរូបភាពជាមួយម្តាយក្នុងអំឡុងពេលស្ថិតនៅក្នុងផ្ទះប្រឆាំងរោគឆ្លង Covid-19
(BC-99)
កីឡាករខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ Cristiano Ronaldo បានចែករំលែករូបថតរបស់ខ្លួនជាមួយម្តាយគឺអ្នកស្រី Dolores បន្ទាប់ពីគាត់បានចាកចេញពីមន្ទីរពេទ្យក្រោយពីបានព្យាបាលជំងឺដាច់សរសៃឈាម។
តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus រូបនេះកំពុងស្ថិតនៅក្នុងបម្រាមហាមចេញក្រៅផ្ទះដើម្បីប្រយុទ្ធប្រឆាំងការឆ្លងវីរុសកូរ៉ូណាជាមួយក្រុមគ្រួសារនៅឯកោះ Madeira ហើយលោកនិយាយថាលោកពិតជាមានអារម្មណ៍ថ្លែងអំណរគុណដែលមានម្តាយនៅក្បែរយ៉ាងដូច្នេះ។ Dolores Aveiro វ័យ ៦៥ ឆ្នាំត្រូវបានមន្ទីរពេទ្យ Nelio Mendonca អនុញ្ញាតិអោយចាកចេញមកកាន់គេហដ្ឋានវិញកាលពីថ្ងៃទី ២១ ខែមីនាជិតពីរសប្តាហ៍កន្លងទៅបន្ទាប់ពីបានព្យាបាលជំងឺដាច់សសៃឈាមរបស់នាងជាសះស្បើយ។
ក្នុងថ្ងៃនេះគេបានឃើញនៅលើគណនី Twitter របស់ Ronaldo បានបញ្ចូលរូបថតរបស់ពួកគេទាំងពីរព្រមជាមួយបងប្អូនស្រី Elma និង Katia អមជាមួយចំណងជើងថា៖ ខ្ញុំមានអារម្មណ៍ត្រេកអរនិងអរគុណខ្លាំងណាស់ដែលអ្នកម្តាយបានជាសះស្បើយហើយបានចេញពីមន្ទីរពេទ្យ ។
ម្តាយរបស់ Ronaldo ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកាលពីថ្ងៃទី ៣ ខែមីនា បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដែលបណ្តាលមកពីកំណកឈាមដែលស្ទះ។ តាមរយៈសារព័ត៌មាននៅក្នុងស្រុកបាននិយាយថាដំបូងឡើយនាងមិនអាចមានទំនាក់ទំនងជាមួយ Cristiano Ronaldo និងចៅៗរបស់នាងឡើយដោយសារតែការផ្ទុះឡើងវីរុសកូរ៉ូណានេះ។ ប៉ុន្តែដោយភាពកត្តញ្ញូកូនប្រុសរបស់នាងបានជម្នះមកសួរសុខទុក្ខដោយបានពាក់អាវការពារ របាំងមុខ និងស្រោមដៃ។
គួររម្លឹកដែរថាកាលពីយប់ម៉ិញនេះ Ronaldo បានយល់ព្រមក្នុងការកាត់ប្រាក់ឈ្នួលរបស់ខ្លួនចំនួន ៣.៥ លានផោនដើម្បីអោយក្រុម Juventus អាចបើកប្រាក់ខែដល់បុគ្គលិកផ្នែកសេវាកម្មរបស់ពួកគេក្នុងអំឡុងពេលនៃការផ្ទុះឆ្លងជំងឺនេះ។ លោកក៏បានបរិច្ចាគបំពង់ខ្យល់ចំនួន ៥ ដល់មន្ទីរពេទ្យនៅទីក្រុង Portugual ពីលើទឹកប្រាក់ ១ លានផោនដែលលោកនិងភ្នាក់ងាររបស់លោកបានរួមគ្នាបរិច្ចាគជួយសង្គមក្នុងពេលមានវិបត្តិនេះរួចហើយដែរ។