អេលីត ចំរើន ឈ្នះខ្សែក្រវាត់ពីរគ្រឿង បន្ទាប់ពីផ្លាស់មកក្លិប ប៉ែន កាក់ បាន១ឆ្នាំ
អ្នកប្រដាល់គុនខ្មែរ អេលីត ចំរើន បានឈ្នះខ្សែក្រវាត់ទីពីររបស់ខ្លួន បន្ទាប់ពីបានផ្តួលកីឡាករថៃក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់បា្រក់ នៅសង្វៀន PNN ថ្ងៃអាទិត្យនេះ ហើយនេះជាខ្សែក្រវាត់ទីពីរក្នុងអាជីពជាអ្នកប្រដាល់របស់គេ បន្ទាប់ពីផ្លាស់ចេញពីក្លិបនិរោជមានជ័យមកក្លិប ប៉ែន កាក់ កាលពីខែ មករា ឆ្នាំ ២០១៩ កន្លងមក ។
ខ្សែក្រវាត់ទី១ដែលអ្នកប្រដាល់ខេត្តបាត់ដំបង នេះរកបានគឺ ខ្សែក្រវាត់ KIC នៃសង្វៀន ONE TV Cambodia ដោយបានយកឈ្នះជើងខ្លាំង ម៉ន សាម៉េត ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ ។ ការផ្តួលកីឡាករថៃ ឃុំភិឈិត ក្នុងទឹកទី៣ ទទួលបានខ្សែក្រវាត់ប្រាក់នេះមិនអស់បេសកម្មនោះទេ រូបគេបានបន្តទៅរង់ចាំដណ្តើមខ្សែក្រវាត់មាសជាបន្តទៀត បន្ទាប់ពីរកឃើញបេក្ខភាពខ្សែក្រវាត់ប្រាក់៣នាក់ផ្សេងទៀត ។
សូមបញ្ជាក់ថា អេលីត ចំរើន ពីមុនហ្វឹកហាត់នៅក្លិប និរោជមានជ័យ ដែលមានលោកគ្រូ ឯម ចាន់សុផល ជាគ្រូ ប៉ុន្តែលោកទទួលមរណៈភាពទៅ ឯម វុត្ថា បានឡើងជាគ្រូ ខណៈ អេលីត ចំរើន ដែលពីមុនមានឈ្មោះថា ចាន់ ចំរើន បានមកចូលរួមជាមួយក្លិប ប៉ែន កាក់ ( ឆ្មាស ) នៅដើមឆ្នាំ ២០១៩ ដោយគិតមកដល់ពីនេះរូបគេរកបានខ្សែក្រវាត់ពីរគ្រឿងចូលក្លិបមុនគេ ខណៈ សុខ សាវិន រកបាន១គ្រឿង ផងដែរ ៕