លោកគ្រូ ហង្ស សឿន៖ រាល់កីឡាករទាំងអស់របស់លោកចង់ទៅណាមកណា ត្រូវផ្តល់ដំណឹងមកក្លឹបជាមុនសិន
បន្ទាប់ពីមានប្រតិកម្មជាច្រើនបាននិយាយនិងស៊ែរតៗគ្នា ពាក់ព័ន្ធរឿងកីឡាករ ព្រំ សំណាង មិនបានចេញទៅប្រកួតនៅក្រៅស្រុកនាដើមខែក្រោយនេះ បានធ្វើឲ្យអ្នកនិយមគាំទ្រគុនខ្មែរមានការខឹងសម្បាទៅលើលោកគ្រូ ហង្ស សឿន ដែលជាម្ចាស់ក្លឹបឆ័ត្រយោង៩១១ ថាជាអ្នកមិនអនុញ្ញាត្តិអោយ ព្រំ សំណាង ចេញទៅប្រកួតនៅក្រៅប្រទេស។ តាមពិតរឿងនេះប្រាកដជាមានហេតុនិងផល បើយោងតាមក្រុមការងារ MSR SPORT ធ្លាប់បានជជែកលេងជាមួយលោកគ្រូកាលពីលើកៗមុន លោកគ្រូក៏ធ្លាប់បានមានប្រសាសន៍ថា៖ គ្រប់កីឡាកររបស់ក្លឹបឆ័ត្រយោង៩១១ទាំងអស់ មិនថាអ្នកខ្លាំងរឺក៏អ្នកខ្សោយនោះទេ ចង់ចេញទៅប្រកួតនៅក្រៅប្រទេស ត្រូវតែផ្តល់ដំណឹងមកកាន់ក្លឹបជាមុនសិន មិនមែនទៅណាមកណាស្រេចតែចិត្តចង់ទៅនោះទេ មួយវិញទៀត រាល់កីឡាករណាដែលមិនសូវយកចិត្តទុកដាក់ហ្វឹកហាត់គិតតែដើរលេងមិនចូលក្លឹប នោះក្លឹបនិងមិនអនុញ្ញាត្តិអោយឡើងប្រកួតជាដាច់ខាត។ ជាក់ស្តែងដូចជាការចេញទៅប្រកួតរបស់កីឡាករ ឡៅ ចិត្រា និង ឡៅ ចន្រ្ទា មុននិងកីឡាករទាំង២ចេញទៅប្រកួតនៅក្រៅស្រុក ប្រូម៉ូតទឺទាំងនោះសុទ្ធតែធ្វើលិខិតមកសុំ ដើម្បីនាំយកពួកគេចេញទៅប្រកួតនៅក្រៅស្រុក គឺមិនមែនមកទាក់ទងកីឡាកររបស់លោកដោយស្ងាត់ៗហើយមិនផ្តល់ដំណឹងដល់លោក ដែលជាម៉ែជាឪរបស់កីឡាករគឺជារឿងមិនសមរម្យនោះឡើយ។
ដោយឡែកចំពោះករណី កីឡាករ ព្រំ សំណាង មិនបានចេញទៅប្រកួតគឺអាចក្នុងករណីមកពីមិនបានផ្តល់ដំណឹងដល់លោក និង មិនមកហ្វឹកហាត់អោយបានគ្រប់គ្រាន់ បានជាមានរឿងដូច្នេះកើតមានឡើង។ ដូច្នេះសូមបងប្អូនដែលគាំទ្រ ព្រំ សំណាង សូមមេត្តាកុំទាន់អាខឹងសម្បានិងលោកគ្រូ ហង្ស សឿន ព្រោះជាធម្មតាប្រទេសមានច្បាប់ គ្រួសារមានវិន័យ ចឹងក្លឹបក៏មានវិន័យរបស់ក្លឹបផងដែរ៕