Roberto Carlos មកចូលរួមថ្ងៃបើកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីលដំបូងគេនៅកម្ពុជា
វីរបុរសបាល់ទាត់ប្រេស៊ីល លោក Roberto Carlos នឹងអញ្ជើញមកប្រទេសកម្ពុជានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចូលរួមបើកដំណើរការសាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជា ។នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនរៀលលាននែរគ្រុបបានរៀបចំធ្វើសន្និសីទកាសែតស្តីពី“ ដំណើរទស្សនកិច្ចរបស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Roberto Carlos មកកាន់ប្រទេសកម្ពុជា ។ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅទីក្រុងភ្នំពេញដើម្បីបើកដំណើរការ សាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជា ដែលកាត់ថា BIFA Cambodia ។
BIFA Cambodia គឺជាសាលាបាល់ទាត់អាជីពដំបូងគេដែលនឹងមានវត្តមាននៅប្រទេសកម្ពុជា។ BIFA ផ្តោតសំខាន់លើការបណ្តុះបណ្តាលបាល់ទាត់កម្រិតអាជីពសម្រាប់សិស្សដែលមានអាយុពី៤-១៨ឆ្នាំ។ គ្រូបង្វឹក BIFA ទាំងអស់សុទ្ធតែជាអតីតកីឡាករអន្តរជាតិឬគ្រូបង្វឹកអន្តរជាតិដែលមានសមត្ថភាព។ សាលបាល់ទាត់នេះនឹងផ្តោតលើការអភិវឌ្ឍកីឡាករម្នាក់ៗបន្ទាប់មកបណ្តុះបណ្តាលពួកគេឱ្យធ្វើការជាក្រុម។ដើម្បីលើកកម្ពស់ការចាប់ដំណើរការ BIFA កីឡាករបាល់ទាត់ Roberto Carlos នឹងប្រកាសជាផ្លូវការពីការចាប់កំណើតរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសកម្ពុជានៅឯសន្និសីទសារព័ត៌មានមួយដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ។
គួរឱ្យដឹងថា លោក Roberto Carlos ជាវីរបុរសកីឡាបាល់ទាត់អន្តរជាតិប្រេស៊ីលដែលលោកបានចូលនិវត្តន៍ហើយ។ កីឡាករដែលប្រិយមិត្តជាច្រើនបានដាក់រហស្សនាមថា ជើងឆ្វេងគ្មានស្រមោល បានឈ្នះពានរង្វាន់ជាច្រើនជាមួយ Real Madrid ក្នុងអំឡុងឆ្នាំ១៩៩៦ដល់ឆ្នាំ២០០៧ ពោលគឺពានរង្វាន់ La Liga ៤សម័យ, Supercopa de España ៣សម័យ, UEFA Champions League ៣សម័យ និង UEFA Super Cup ១លើកផងដែរ។ការចាប់ផ្តើមនៃ BIFA កម្ពុជាក៏ត្រូវបានគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយសារពួកគេជឿជាក់យ៉ាងមុតមាំក្នុងការជួយអភិវឌ្ឍយុវជនក្នុងតំបន់និងផ្តល់ឱ្យពួកគេនូវឱកាសកាន់តែច្រើន ៕