អ្នកស្រី ពុធ ធីតា និងលោកជំទាវ កែ សួនសុភី ជួយក្លិបរៀងខ្លួនបានពានអ្វីខ្លះហើយ?
អ្នកស្រី ពុធ ធីតា និងលោកជំទាវ កែ សួនសុភី ជានារីខ្មែរ២រូបដែលកំពុងកាន់តួនាទីជាប្រធានក្លិបបាល់ទាត់នៅកំពូលកម្ពុជា។
អ្នកស្រី ពុធ ធីតា បានចូលគ្រប់គ្រងក្លិបបាល់ទាត់បឹងកេតនៅពាក់កណ្ដាលឆ្នាំ២០១៨ ជំនួសលោក ស៊ីវ ថា ដែលជាស្ថាបនិកក្លិប។
ស្ត្រីអ្នកជំនួញរូបនេះបានវិនិយោគទឹកប្រាក់ផ្ទាល់ខ្លួន បូករួមទាំងថវិកាពីអ្នកឧបត្ថម្ភខ្លះៗជួលទីតាំងនៅជិតទូរទស្សន៍បាយ័ន បឹងស្នោដើម្បីសាងសង់កីឡដ្ឋានផ្ទាល់ខ្លួន។
ក្នុងរយៈពេល៤ឆ្នាំមកនេះ ក្រោមការដឹកនាំពីអ្នកស្រី ពុធ ធីតា បឹងកេតបានឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ និងលីគកំពូលឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកស្រីក៏ជាសមាជិកគណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។
ចំណែកលោកជំទាវ កែ សួនសុភី បានចូលកាន់តួនាទីជាប្រធានក្លិបបាល់ទាត់វិសាខាជំនួសឯកឧត្តម ស សុខា ដែលជាស្វាមី នៅចុងឆ្នាំ២០១៨។
កីឡដ្ឋានព្រីនស៍ដែលជាទឹកដីរបស់វិសាខាក៏ត្រូវបានសាងសង់យ៉ាងស្រស់ស្អាតក្នុងទំហំទឹកប្រាក់រាប់លានដុល្លារស្របតាមស្ដង់ដារអន្តរជាតិ។
ក្រោមការគ្រប់គ្រងពីលោកជំទាវ កែ សួនសុភី វិសាខា បានឈ្នះពានរង្វាន់សម្ដេចតេជោ ២លើកជាប់ៗគ្នា គឺឆ្នាំ២០២០ និង២០២១។ បច្ចុប្បន្ន វិសាខាក៏មានកៅអីប្រកួត AFC Cup 2022 វគ្គចែកពូលផងដែរ៕