
Man Utd នៅតែមានបញ្ហានៅតំបន់ការពារពេលជួបជាមួយ ញញួរយក្ស West Ham
(BC-99)
Premier League កំពុងតែដំណើរការប្រកួតសប្តាហ៍ទី៣៧ចាប់តាំងពីថ្ងៃសៅរ៍កន្លងមក សម្រាប់ការប្រកួតនៅយប់ថ្ងៃពុធនេះវិញក្រុមបិសាចក្រហម Manchester United ដែលទើបងតែធ្លាក់ចេញពីក្របខណ្ឌ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ត្រូវបើកទ្វារផ្ទះ Old Trafford ទទួលភ្ញៀវញញួរយក្ស West Ham United ដែរ។
កីឡាករ Eric Bailly ត្រូវបានគេសែងចេញទៅកាន់មន្ទីពេទ្យក្នុងអំឡុងពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាមួយក្រុមក្រុមតោខៀវ Chelsea បន្ទាប់ពីការប៉ះទង្គិចក្បាលគ្នាយ៉ាងខ្លាំងជាមួយមិត្តរួមក្រុម Harry Maguire ។ កីឡាករសញ្ជាតិ កូឌីវ័រ រូបនេះកំពុងឋិតក្នងបញ្ជីពណ៌ទឹកក្រូចដែលទំនងជាមិនអាចជួយក្រុមបានទេនៅថ្ងៃស្អែកនេះ។
Luke Shaw ដែលបានខកខានការប្រកួតនៅឯកីឡដ្ឋាន Wembley ដោយសាររបួសកជើងតាំងតែពីសប្តាហ៍មុននេះបានស្ថិតក្នុងបញ្ជីរបួសជាមួយ Tuanzebe និង Phil Jones ត្រូវបានគេមើលឃើញថាអាចចូលរួមហ្វឹកហាត់វិញបានហើយ ក៏ប៉ុន្តែនៅតែមិនមានការអះអាងអោយបានច្បាស់លាស់ថាគេគួរតែបំពេញមុខងារការពារខាងឆ្វេងបានឬមិនបាននោះទេពេលប៉ះប្រកួតជាមួយ West Ham ។
Harry Maguire ដែលបានបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងបាល់ពេលប៉ះជាមួយតោខៀវ Chelsea នៅតែមានសុខភាពល្អជាធម្មតាទោះជាបានប៉ះទង្គិចក្បាលហូរឈាមនៅប៉ុន្មានថ្ងៃមុននេះក៏ដោយ។ មួយវិញទៀតការបង្ហាញខ្លួនប្រកួតនៅថ្ងៃពុធនេះក៏ជាការបង្ហាញខ្លួនក្នុងលីកទី ៣៧ នៃរដូវកាលនេះដែលជាកំណត់ត្រាមិនធ្លាប់មានរបស់គេនាពេលមុនផងដែរ។
Brandon Williams ក៏បានបង្ហាញសញ្ញាណល្អដែរបន្ទាប់ពីបញ្ចប់ការប្រកួតនៅទីក្រុងឡុងនាពេលកន្លងមក ថ្វីត្បិតតែទទួលរងរបួសក្បាលនិងភ្នែកពេលប្រកួតទល់នឹង Southampton នៅ Old Trafford កាលពីសប្តាហ៍មុនក្តីក៏កីឡាករដែល United ទាញយកពីថ្នាលរូបនេះបានបង្ហាញភាពដ៏ស្វិតស្វាញរបស់ខ្លួនក្នុងការការពារតំបន់គ្រោះថ្នាក់បានល្អដែរ។
ក្រៅពីតំបន់ការពារដែលកំពុងមានបញ្ហា នៅផ្នែកបម្រើចែកបាល់ឯណោះវិញក៏ត្រូវបានមើលឃើញថាកំពុងតែជួបបញ្ហាខ្លះៗដែរប្រសិនបើលោក Ole នៅតែប្រើប្រាស់កីឡាករនិងទម្រង់ដូចដែលបានលេងជាមួយ Chelsea នៅ FA Cup នោះ។ Bruno Fernandes នៅតែអាចសកម្មក្នុងការបង្កើតឱកាសអោយ Anthony Martial និង Rashford ក៏ប៉ុន្តែការដាក់ Fred អោយមកធ្វើជាដៃគូជាមួយគេគឺមិនទាន់មានភាពសមស្របដូចជា Paul Pogba ឡើយ។