មាស ម៉ើ គ្រោងហាត់និងឡើងប្រកួតគុនខ្មែរដើម្បីពង្រឹងលើជំនាញ MMA របស់ខ្លួន
ក្រោយចប់បេសកម្មព្រឹត្តិការណ៍ស៊ីហ្គេមនាប្រទសហ្វីលីពីនលើវិញ្ញាសារយូដូ មិនជោគជ័យអ្នកប្រដាល់គុនចម្រុះ មាស ម៉ើ គ្រោងនឹងវិលមកសង្វៀន MMA វិញក្រោយពីសម្រាកអស់រយៈពេល១ឆ្នាំកន្លងមក ហើយសម្រាប់ការវិលមកវិញនេះរូបគេចង់ពង្រឹងក្បាច់សេរីគុនខ្មែរបន្ថែមលើកជំនាញគុនចម្រុះរបស់ខ្លួនដោយសារការបរាជ័យ៣ប្រកួតចុងក្រោយនៅ One Championship រូបគេមានចំំណុចខ្វះខាតការវ៉ៃបែបគុនខ្មែរ ។
ម្ចាស់ខ្សែក្រវាត់ KWC របស់ MYTV បានប្រាប់ MSR SPORT ថា រូបគេពិតជាចង់វិលមកសង្វៀនវិញពិតប្រាកដមែន ដោយកំពុងស្វែងរកក្លិបណាមួយដែលសមស្របលើអ្វីដែលរូបគេចង់បានគឺអាចបង្ហាត់គេផង និងហាត់ខ្លួនផង ព្រោះអាចទទួលបានចំណូលខ្លះ ។ បន្ថែមលើនេះអ្នកប្រយុទ្ធខេត្តកំពង់ធំ ចង់ហាត់គុនខ្មែរនិងឡើងប្រកួតគុនខ្មែរតាមស្ថានីយ៍ទូរទស្សន៍ខ្លះៗ ដើម្បីជាទន់មួយក្នុងការពង្រឹងក្បាច់ MMA របស់ខ្លួនពេលប្រកួតលើសង្វៀន One Championship ជាដើម ។ មាស ម៉ើ បន្តថាចំណុចខ្សោយរបស់ខ្លួនគឺការវ់ៃបែបប្រដាល់សេរី ខណៈផ្នែកខាងបោកចំបាប់ រឺ យូដូ រូបគេអាចធ្វើបានល្អ ទើបចង់ហាត់គុនខ្មែរអោយបានច្រើនមុនចូលប្រឡូកនៅ One Championship វិញ ។
សូមបញ្ជាក់ថា មាស ម៉ើ ជាកីឡាករគុនចម្រុះកម្ពុជាម្នាក់ដែលប្រកួតជាង៣០នៅទឹកដីកម្ពុជានិងថៃមិនដែលចាញ់និងធ្លាប់ឈ្នះខ្សែក្រវាត់ KWC ទៀតផង ប៉ុន្តែក្រោយពីចាញ់៣ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ One Championship ធ្វើអោយគេសម្រេច ផ្អាកការឡើងសង្វៀនតាំងពីចុងឆ្នាំ២០១៨រហូត ហើយចាប់ផ្តើមវិលមកការប្រកួតវិញ្ញាសារ ជឺជីតស៊ូ នៅប្រទេសចិន និងយូដូ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នាប្រទេស ហ្វីលីពីន ដែលទើបបញ្ចប់ថ្មីៗដោយរូបគេប្រកួតជុំទី១ឈ្នះ ម៉ាឡេស៊ី ប៉ុន្តែជុំទី២ចាញ់ម្ចាស់ផ្ទះធ្វើអោយបាត់បង់ឱកាសយកមេដាយតែម្តង ៕