សេន ប៊ុនថេន និង ឡៅ ស៊ីណាត ជាប់ជាគ្រូបង្វឹកថ្នាលគុនខ្មែរ
អតីតជើងខ្លាំងគុនខ្មែរ សេន ប៊ុនថេន និង ឡៅ ស៊ីណាត ត្រូវបានបោះឆ្នោតអោយជាប់ជាគ្រូបង្វឹកថ្នាលគុនខ្មែរក្នុងឆ្នាំ២០១៩នេះក្នុងការជំំនួសកន្លែងគ្រូបង្វឹកចាស់ វ៉ន វីវ៉ា និង ហេង ប៊ុនឃីម ។
ក្នុងកិច្ចប្រជុំរបស់សហព័ន្ធប្រដាល់គុនខ្មែរកាលពីម្សិលមិញ សេន ប៊ុនថេន និង ឡៅ ស៊ីណាត បានទទួល ការគាំទ្រច្រើនជាងគេក្នុងការផ្តល់ទំនុកចិត្តដើម្បីបណ្តុះបណ្តាលថ្នាលគុនខ្មែរឆ្ពោះទៅកាន់ភាពល្បីល្បាញទៅថ្ងៃ អនាគត ។
ខ្លាចាស់ ឡៅ ស៊ីណាត ដែលបានរងរបួសបាក់ជើងឆ្វេង នៅសង្វៀនបាយ័នហើយបានប្រកាស លាឈប់ពីអាជីពប្រដាល់ក្នុងឆ្នាំ២០១៦ ខណៈសហព័ន្ធកីឡាប្រដាល់កម្ពុជាបានអនុញ្ញាតឲ្យធ្វើជាចៅក្រម និងអាជ្ញាកណ្ដាល ប្រចាំសង្វៀនបាយ័ន ហើយបច្ចុប្បន្នរូបលោកក៏ជាគ្រូជំនួញនៅក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ផង ។

ឡៅ ស៊ីណាត
ចំណែក សេន ប៊ុនថេន ដែលជាអតីតអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាមួយរូបធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនបានប្រកាសឈប់ឡើងសង្វៀននៅឆ្នាំ២០១៧ ក្រោយវិញមកពីប្រកួតនៅ ប្រទេសបារាំងបានជោគជ័យ ប៉ុន្តែក្រោយមកក៏សម្រេចឡើងប្រកួតម្តងទៀតក្នុងកម្មវិធីសហព័ន្ធ គុនខ្មែរអន្តរជាតិ និងប្រកួតសកលនៅឆ្នាំ២០១៨ ផងដែរ ។

សេន ប៊ុនថេន
ការប្រមូលផ្តុំកីឡាករថ្នាលគុនខ្មែរគ្រោងធ្វើឡើងនៅដើមខែមិនាឆ្នាំ២០១៩ ខណៈកាលពីឆ្នាំ២០១៨ គ្រូបង្វឹក ថ្នាលគុនខ្មែរមានលោក ហេង ប៊ុនឃីម និង វ៉ន វីវ៉ា ដែលបានបណ្តុះកីឡាករច្រើនដូចជា តាញ់ មករា , ព្រឿង សុចឺត និង អេ អាំម៉ារិនពូថង ជាដើម ។ ចំណែកគ្រូបង្វឹកឈុតធំសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ លោកគ្រូ អេ ភូថង និង ឡុង សាលវ័ន្ត នៅតែ បន្តជាប់ជាគ្រូបង្វឹក ៕

ក្រុមជម្រើសជាតិគុនខ្មែរឆ្នំា ២០១៧