
ឡុង ជិន ជាសិស្សដំបូងគេដែលរកខ្សែក្រវាត់ឲ្យក្លឹបខ្លារខិន
ឡុង ជិន ទទួលជ័យជំនះដោយឯកច្ឆន្ទហើយក្លាយជាជើងឯកខ្សែក្រវាត់ខារ៉ាប៉ាវក្នុងប្រភេទទំងន់៥៧គីឡូក្រាម លើឈុត សេរីវ៉ាន់ថង ក្នុងវគ្គផ្តាច់ព្រ័ត្រនៅសង្វៀនអាស៊ីអាគ្នេយ៍។ ការប្រកួតដែលមានអ្នកចូលរួមទស្សនាផ្ទាល់ណែនណាន់តាន់តាប់បានហ៊ោរកញ្ច្រៀវដល់ការប្រកួតរបស់អ្នកទាំង២យ៉ាងជក់ចិត្តបំផុត។ នេះជាលើកទី២របស់ ឡុង ជិន ដែលមានឪកាសឡើងមកដល់វគ្គផ្តាច់ព្រ័ត្រហើយទទួលបានជោគជ័យក្រោយគេធ្លាប់ប្រកួតចាញ់ កាកា ក្នុងវគ្គផ្តាច់ព្រ័ត្រគូបូតានៅប៉ុស្ត៍បាយ័ន្តកាលពី៤ខែមុន ជ័យជំនះរបស់ ឡុង ជិន នៅពេលនេះក៏បានសាងប្រវត្តិសាស្រ្តដល់ក្លឹបខ្លារខិនមានរិទ្ធ ដែលមិនធ្លាប់មានអ្នកប្រដាល់រូបណាអាចដណ្តើមខ្សែក្រវាត់មកបំពាក់លើជញ្ជាំងក្លឹបបានឡើយ ភាគច្រើនបានត្រឹមជើងឯករង រឺត្រឹមលេខ៣ ដូចជា វី សេរីចាន់ឌីន, ជឹម ចិត្រា និង ឡុង ជិន ផ្ទាល់តែម្តង។
លោកស្រី ឡុង រ៉ាវី ម្ចាស់ក្លឹបខ្លារខិនមានរិទ្ធ បានសំដែងនូវអារម្មណ៍រំភើបរីករាយក្រៃឡែង ដែលជញ្ជាំងក្លឹបរបស់គាត់មានខ្សែក្រវាត់ភ្ជួរហើយ។ នៅមុនកាលប្រកួតអ្នកស្រីបាននិយាយបែបចិត្តសាស្រ្តទៅកាន់ ឡុង ជិន ថា ខ្ញុំប្រឡូកក្នុងវិស័យគុនខ្មែរតាមរយៈការបង្កើតក្លឹបប្រដាល់ជិត១០ឆ្នាំហើយ ហើយគ្រូចង់ឃើញណាស់ថាអ្នកប្រដាល់ជំនាន់ណាអាចបំពេញបំណងគ្រូបាន។ ពាក្យសំដីនេះហើយបានជំរុញចិត្ត ឡុង ជិន អោយដណ្តើមខ្សែក្រវាត់នេះបានតាមបំណងគ្រូ។
ការប្រកួតពេញទាំង៥ទឹក បើនិយាយពីកំលាំងគឺ ឈុត សេរីវ៉ានថង ជាអ្នកបង្ហាញអោយឃើញពីភាពស្វាហាប់ រួមទាំងបច្ចេកទេសម៉ាត់ចំៗផងដែរ ប៉ុន្តែសេរីវ៉ានថង ហាក់ដូចជាប្រើកំលាំងនឹងបច្ចេកទេសទាំងនោះជាចំហរពេក ដែលធ្វើអោយ ឡុង ជិន អាចចាប់ថ្នាក់បាន តាមរយៈការវៃត្រង។ ទឹកទី៣ ឈុត សេរីវ៉ានថង បានសម្រេចចិត្តប្តូរកែងជាមួយ ឡុង ជិន នៅចុងទឹក ទីបំផុតកែង ឡុង ជិន ដល់មុន ធ្វើអោយអាជ្ញាកណ្តាលចាប់ សេរីវ៉ានថង រាប់ដល់៨។ ទោះបីជាយ៉ាងនេះក៏ដោយយុវជនមកពីខេត្តបាត់ដំបង ដែលមានស្នាមរបួសចុងចិញ្ចើមដែលនោះ នៅតែព្យាយាមប្រើយុទ្ធសាស្រ្តដដែល គឺសំរុកវៃនឹងប្តូរកែងម្តងម្កាល។ នេះក៏ជាចំនុចមួយដែលធ្វើអោយ ឡុង ជិន ចាប់ថ្នាក់បាន។ ឡុង ជិន ថយ ចាំទាញវៃជង្គង់ ធ្វើអោយ ឡុង ជិន សន្សំពិន្ទុបានជាហូរហែរ លទ្ធផលពេញ៥ទឹកគឹ ឡុង ជិន ឈ្នះ ឈុត សេរីវ៉ានថង ដោយឯកច្ឆន្ទ ទឹកប្រាក់ដែល ឡុង ជិន ទទួលបាន គឺ២០លានរៀល (៥ពាន់ដុល្លារ) ចំណែក ឈុត សេរីវ់ានថងទទួលបាន១២លានរៀល(៣ពាន់ដុល្លារ)។
ឈុត សេរីវ៉ានថង ត្រូវត្រឡប់ទៅខែត្របាត់ដំបងវិញភ្លាមៗ ជាមួយនឹងរបួសចិញ្ចើមដើម្បីត្រៀមខ្លួនប្រឡងសញ្ជាប័ត្រទុតិយភូមិ (បាក់ឌុប) នៅថ្ងៃចន្ទទី២០ និង ថ្ងៃអង្គារ៍ទី២១ដើមសប្តាហ៍ក្រោយនេះ។
MSR លឺដំណឹងល្ហៀងៗមកទៀតថា អ្នកទាំង២នឹងមានឈ្មោះក្នុងការត្រៀមខ្លួនដណ្តើមខ្សែក្រវាត់នៅស្ថានីយ៍ក្នុងស្រុកមួយឆាប់ៗនេះ៕