ឡុង សុវណ្ណឌឿន ត្រៀមឡើងផ្ទះថ្មី ដែលបានមកពីអាជីពប្រដាល់
ទោះបីទើបវិលមកសង្វៀនវិញបានត្រឹម១ប្រកួតស្មើជាមួយកីឡាករ អូបេគីស្ថាន កាលពីចុងសប្តាហ៍មុនក៏ពិត ប៉ុន្តែការឡើងសង្វៀនអស់រយៈពេលជាយូរកន្លងមកពោលជំនាន់ការប្រកួតធ្វើបានល្អនិងការឈ្នះខ្សែក្រវាត់ផ្សេងៗបានធ្វើអោយកីឡាករគុនខ្មែរ ឡុង សុវណ្នឌឿន សន្សំលុយបង់រំលោះបានផ្ទះថ្មីមួយល្វែងដែលត្រៀមធ្វើពិធីឡើងគេហដ្ឋានថ្មីនេះនាថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ។
តាមការបង្ហើបរបស់ម្ចាស់ខ្សែក្រវាត់គោជល់រូបនេះថា ផ្ទះនេះរូបគេបានទិញតាំងពីអំឡុងឈ្នះខ្សែក្រវាត់និងការប្រកួតអន្តរជាតិនានាដោយធ្វើការបង់រលោះអស់រយៈពេលជាយូរមកហើយ រួមទាំងការសន្សំពីមុខរបរផ្សេងៗ ក្នុងការបង់ប្រចាំខែកន្លងមកទើបបានរួចរាល់ថ្មីៗនេះ ។ សម្រាប់ទីតាំងផ្ទះថ្មីនេះស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ឡុង សុវណ្ណឌឿន ជាកីឡាករហ្វឹកហាត់នៅក្លិបប្រដាល់សាលវ័ន្តគុនខ្មែរ ធ្លាប់គ្រងខ្សែក្រវាត់ស៊ីម៉ង់ភ្នំ និងខ្សែក្រវាត់គោជល់នៅសង្វៀន PNN កាលពីឆ្នាំ២០១៦ និងផ្អាកការឡើងសង្វៀនជិតមួយឆ្នាំ ក្នុងអំឡុងឆ្នាំ២០១៩នេះ ទើបវិលបានប្រកួតកម្មវិធី MAS FIGHT ដោយស្មើពិន្ទុជាមួយកីឡាករ អូបេគីស្ថាន នាសង្វៀន ថោន ៕