សហព័ន្ធបកស្រាយរឿងដាក់ពិន័យ សុខ ធី និងលោកគ្រូ សាន សៅយ៉ាន់
សហព័ន្ធប្រដាល់គុនខ្មែរបានបញ្ចប់សំណុំរឿងពាក្សបណ្តឹងរបស់លោក គ្រូ សាន សៅយ៉ាន់ ដោយសម្រេចអោយកីឡាករ សុខ ធី ចាញ់ក្នុងការប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី៣ ជាមួយកីឡាករថៃ ធ្នូសឹកឡេក ដដែល ។
អគ្គលេខាធិការសហព័ន្ធគុនខ្មែរលោក មិល កាដូ បញ្ជាក់អំពីការផ្អាក សុខ ធី និងលោកគ្រូ សាន សៅយ៉ាន់ ដូចនេះថា ៖ សហព័ន្ធពិតជាមានការសោកស្តាយចំពោះរឿងនេះ ប៉ុន្តែ សហព័ន្ធបានព្យាយាមពន្យល់ដល់លោកគ្រូ សាន យ៉ាន់ ជាច្រើនអំពីក្រមសីលធម៌ និង ច្បាប់ របស់សហព័ន្ធ ប៉ុន្តែលោកនៅតែមិនទទួលយក ។ លោកបន្ថែមថា សហព័ន្ធមិនចង់ ដាក់ពិន័យដល់កីឡាករណាម្នាក់ឡើយ ប៉ុន្តែយើងមានច្បាប់ត្រឹមត្រូវបើមិនធ្វើតាមច្បាប់ តើយើងបង្កើតច្បាប់មកមានន័យអ្វីទៅ? សម្រាប់រឿងនេះមិនមែនដាក់ពិន័យចំពោះ ការប្តឹងរបស់លោក សាន សៅយ៉ាន់ នោះទេ គឺពិន័យដោយសារកីឡាករមិនបានចូលរួម ប្រកួតក្នុងកម្មវិធី កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី៣ អោយចប់កម្មវិធី ដែលពួកគេព្រមចូលរួមតាំងពីចាប់ផ្តើម ដែលធ្វើអោយស្ថានីយ៍ទូរទស្សន៍ ស៊ី អ៊ិន ស៊ី ត្រូវសងសំណងទៅកាន់ម្ចាស់ឧបត្ថមទៀតផង ។ លោកបញ្ជាក់ចុងក្រោយថា សហព័ន្ធនៅ តែបើកផ្លូវដល់ពួកគេបើសិនពួកគេដឹងកំហុសក្នុងការដាក់ពិន័យរយៈពេល៦ខែនេះ ។
សូមបញ្ជក់ថា ការសម្រេចរបស់សហព័ន្ធប្រដាល់គុនខ្មែរដាក់ពិន័យ សុខ ធី មិនអោយប្រកួតទាំងក្នុងស្រុក និងក្រៅស្រុករយៈពេល៦ខែ ខណៈលោកគ្រូ សាន សៅយ៉ាន់ ក៏ត្រូវ ផ្អាកការងារជាចៅក្រមរយៈ៦ខែផងដែរគឺដើម្បីបញ្ចប់ភាពចម្រូងចម្រាស់លើលទ្ធផលនៃការប្រកួតរបស់កីឡាករកម្ពុជា សុខ ធី ហៅក្រៅ កាកា ជាមួយកីឡាករថៃ ធ្នូសឹកឡេក អ.ហ្វាន់មឿង កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅ ពោលគឺស្ថិតនៅក្នុងជុំទី២ នៃការប្រកួតប្រជែងដែលមានទាំងអស់ ៤ជុំ ដើម្បីសន្សំពិន្ទុ។ បន្ទាប់ពី ការឈ្នះចាញ់មិនឯកឆន្ទៈ ៣ទល់ ២ ជ័យជម្នះបានទៅលើកីឡាករថៃ ខណៈភាគីគ្រូបង្វឹកខាងបេ្ខភាពកម្ពុជាហាក់មិនទទួលយកនូវលទ្ធផលនេះទេ។
ដោយឡែក កម្មវិធីប្រកួតបានបន្តដំណើរការទៅមុខទៀត ដោយស្ថានីយ៍ទូរទស្សន៍ CNC បានស្នើរកីឡាករគុនខ្មែរ ចាន់ ស៊ីណាត មកជំនួសបេសកម្មនេះ ដោយព្រមទទួលយកលទ្ធផលឈ្នះ ១ និង ចាញ់ ១ ហើយគេបានប្រកួតមួយប្រកួតរួចហើយដោយចាញ់ពិន្ទុ ភិតប៊ុនមី ៕