ក្រុមបិសាចក្រហម Manchester United កំពុងពិចារណាក្នុងការនាំ Zlatan Ibrahimovic មក Old Trafford វិញ
(BC-99)
យោងតាមរបាយការណ៍របស់ Metro បានអោយដឹងថាក្រុមបិសាចក្រហម Manchester United នឹងធ្វើការសម្រេចចិត្តដើម្បីចុះហត្ថលេខាជាថ្មីជាមួយ Zlatan Ibrahimovic នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។
លោក Ole Gunnar Solskjaer បានសារភាពថាគាត់ខ្វះកីឡាករខ្សែប្រយុទ្ធបន្ទាប់ពីគាត់បានអនុញ្ញាតឱ្យទាំង Romelu Lukaku និង Alexis Sanchez ចូលរួមជាមួយ Inter Milan នៅអ៊ីតាលី។ របួសសរសៃពួររបស់កីឡាករ Anthony Martial បានធ្វើអោយកីឡាករបារាំងរូបនេះអវត្តមាន៨ប្រកួត ហើយវាបានធ្វើឲ្យតំបន់ប្រយុទ្ធរបស់បិសាចក្រហមរឹតតែធ្លាក់ដុនដាបខ្លាំងថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ Solskjaer បានបញ្ជាក់យ៉ាងច្បាស់ថា United នឹងសម្លឹងរកការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាហើយ Ibrahimovic ដែលរកបាន ២៩ គ្រាប់ក្នុង ៥៣ ប្រកួតអំឡុងពេលគាត់នៅ Old Trafford ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកវិញ។
ប៉ុន្តែបើយោងតាមសារព័ត៌មាន Daily Telegraph បានអោយដឹងថាមានមន្ត្រីរបស់ United បានធ្វើការប្រឆាំងនឹងការចុះហត្ថលេខាជាថ្មីជាមួយនិងកីឡាករស៊ុយអែតរូបនេះ ។ របាយការណ៍បានអះអាងថាបិសាចក្រហមមិនចង់ចុះហត្ថលេខាណាមួយជាមួយ Ibrahimovic ដែលមានអាយុ ៣៨ ឆ្នាំកាលពីដើមខែនេះឡើយ។ Ibrahimovic រកបាន ៣០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩ ប្រកួតអោយ LA Galaxy នៅរដូវកាលនេះប៉ុន្តែអនាគតរបស់គេមិនទាន់ច្បាស់នៅឡើយទេថានឹងស្នាក់នៅអាមេរិចជាបន្តឬយ៉ាងណាខណៈពេលដែលកុងត្រារបស់គេនឹងផុតកំណត់នៅខែធ្នូនេះហើយ។
ទន្ទឹមនឹងនេះដែរ Man United ក៏ត្រូវបានគេរាយការណ៍ផងដែរវថាបានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Mario Mandzukic របស់ក្រុម Juventus ដែលកីឡាករវ័យ៣៣ឆ្នាំនេះ Man United អាចក្លាយជាសមាជិកថ្មីរបស់បិសាចក្រមនៅពេលខាងមុខនេះក៏ថាបាន។