គ្រូបង្វឹក Bayern Munich មិនបដិសេធរឿងទិញយកខ្សែប្រយុទ្ធ Erling Haaland ពី Borussia Dortmund
កាលពីចុងសប្តាហ៍មុនក្នុងជំនួប Der Klassiker ក្រុមម្ចាស់ផ្ទះ FC Bayern Munich បានវាយបកយកឈ្នះក្រុមភ្ញៀវ Borussia Dortmund ក្នុងការប្រកួតដ៏ធំប្រចាំក្របខ័ណ្ឌ Bundesliga ដោយលទ្ធផល៤ទល់នឹង២។
៤គ្រាប់របស់ក្រុមការពារតំណែងជើងឯករកបានដោយខ្សែប្រយុទ្ធ Robert Lewandowski (៣គ្រាប់) និងខ្សែបម្រើ Leon Goretzka ១គ្រាប់ ខណៈ២គ្រាប់របស់ក្រុមអាវលឿងគឺរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Erling Haaland។
ក្រោយពីបញ្ចប់ការប្រកួតអ្នកកាសែតជាច្រើនបានចោទសួរអំពីសមត្ថភាពរបស់កីឡាករសញ្ជាតិន័រវេសដែលស៊ុតបាន២គ្រាប់ ថាតើរូបគេអាចផ្លាស់មកកាន់ Bayern Munich នាពេលអនាគតដែរឬទេ? គ្រូបង្វឹក Hansi Flick បានឆ្លើយតបវិញថា៖ “ការផ្ទេរយកខ្សែប្រយុទ្ធ Erling Haaland ពី Borussia Dortmund មកកាន់ Bayern Munich គឺជារឿងអាចទៅរួចនាពេលអនាគត។ ខ្ញុំមិនបដិសេធទេ ព្រោះដោយសារគេមានសក្តានុពលគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនជាមួយយើង។”
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Erling Haaland បានរកគ្រាប់បាល់៤៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន៤៦លើកឱ្យ Dortmund ចាប់តាំងពី Salzburg ផ្លាស់មកកាន់ទឹកដីអាល្លឺម៉ង់ក្នុងតម្លៃខ្លួន២០លានអឺរ៉ូ។