Steven Gerrard ជាបេក្ខភាពតែម្នាក់គត់ដែលមកដឹកនាំ Liverpool ប្រសិនជា Jurgen Klopp ត្រូវបញ្ចប់តំណែង
Liverpool កំពុងតែជួបវិបត្តិយ៉ាងខ្លាំងនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នារដូវកាលនេះ ដោយបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខ៨ ក្រោយពីបរាជ័យក្រោមថ្វីជើង Fulham ១ទល់នឹង០ កាលពីយប់មិញ។
បញ្ហាកីឡាកររបួស ក៏ដូចជាវិបត្តិខ្សែការពារ រួមជាមួយនឹងការចាញ់ចំនួន៦ប្រកួតជាប់ៗគ្នាហើយមិនដែលស្គាល់ពាក្យថាឈ្នះ៨លើកនៅក្នុងទឹកដីខ្លួនឯង បានធ្វើអោយគ្រូបង្វឹក Jurgen Klopp កំពុងមានបញ្ហាយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១នេះក្នុងនាមជាក្រុមការពារតំណែងជើងឯកផងដែរ។
យោងតាមរបាយការណ៍នៅអង់គ្លេសបានចុះផ្សាយថា កៅអីរបស់បុរសជនជាតិអាល្លឹម៉ង់កំពុងតែឡើងកំដៅខ្លាំង បន្ទាប់ពីថ្នាក់ដឹកនាំក្រុមរហស្សនាមហង្សក្រហមបានធ្វើការប្រជុំគ្នាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ក្រុមដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ។
ប្រភពដដែលខាងលើបានបន្ថែមទៀតថា បុគ្គល២-៣រូបដ៏មានឥទ្ធិពលនៅទឹកដី Anfield បានសម្លឹងមើលឃើញបេក្ខភាពដែលសាកសមបំផុតក្នុងការមកដឹកនាំ Liverpool ជំនួសលោក Jurgen Klopp នោះគឺអតីតខ្សែបម្រើ Steven Gerrard ដែលកំពុងតែបង្ហាញសមត្ថភាពបានយ៉ាងល្អឥតខ្ចោះនៅទឹកដីស្កុតឡែនក្នុងនាមជាគ្រូបង្វឹក។
យ៉ាងណាក្តី លោក Jurgen Klopp ត្រូវបានថ្នាក់លើរបស់ខ្លួននៅតែបន្តផ្តល់ឱកាសក៏ដូចជាទំនុកចិត្តដដែលដើម្បីដឹកនាំក្រុមរហូតដល់ដំណាច់រដូវកាលនេះ ប៉ុន្តែក្រុមត្រូវតែទទួលបានលទ្ធផលក៏ដូចជាសមិទ្ធផលល្អបំផុតផងដែរ បើសិនជាចង់បន្តតំណែងរបស់ខ្លួនជាបន្តទៀត។
គួរអោយដឹងថា គ្រូបង្វឹក Steven Gerrard បានដឹកនាំ Rangers FC ឈ្នះពានរង្វាន់ក្របខ័ណ្ឌកំពូល Scottish Premiership ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ ខណៈសល់៦ប្រកួតនៅក្នុងដៃហើយមិនទាន់ស្គាល់ពាក្យថាចាញ់ផងដែរ។