មាស ម៉ើ បញ្ជាក់មូលហេតុចង់ប្រកួតជាមួយ ចាន់ រតនា ដាក់លុយ៥ម៉ឺនដុល្លារ
នៅថ្ងៃនេះអ្នកប្រយុទ្ធក្នុងទ្រុងកម្ពុជា មាស ម៉ើ បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបានប្រកាសចង់ប្រកួតជាមួយជើងខ្លាំង MMA កម្ពុជា ចាន់ រតនា ដោយហ៊ានដាក់លុយភ្នាល់រហូតដល់ ៥ ម៉ឺនដុល្លារ បើសិនមានអ្នករៀបចំការប្រកួតអោយពួកគាត់ទាំងពីរ ។
ទាក់ទងទៅនឹងការប្រកាសដូចនេះម្ចាស់ខ្សែក្រវាត់ KWC បានប្រាប់ MSR SPORT ថា ៖ លោកពិតជាបានប្រកាសដូចនេះពិតមែន ហើយមូលហេតុលោកចង់ប៉ះអ្នកខ្លាំងសម្រាប់មួយប្រកួតចុងក្រោយក្នុងអាជីពលើសង្វៀនរបស់លោក ។ ការជ្រើសរើស ចាន់ រតនាដោយសារគាត់ជាកីឡាករខ្លាំងដែលអ្នកគាំទ្រគិតថាល្អជាងគេនៅស្រុកខ្មែរ ដូចនេះលោកចង់ប្រកួតជាមួយបើមានកម្មវិធីធំណាមួយរៀបចំ ។ ការប្រកួតនេះលោកក៏ចង់ដឹងដែរថា តើ ចាន់ រតនា ពិតជាខ្លាំងជាងគេនៅស្រុកខ្មែរមែន រឺក៏សមត្ថភាពគាត់មិនទាន់អាចប្រកួតជាមួយកីឡាករលំដាប់ A នៅក្រៅប្រទេស បានទេ ពីព្រោះលោកធ្លាប់ឆ្លងកាត់កីឡាករលំដាប់ A នៅសង្វៀន ONE រួចមកហើយ ? អ្នកប្រយុទ្ធដើមកំណើតខេត្ត កំពង់ធំ បន្ថែមថា ក្នុងនាមជាអ្នកស្រលាញ់ក្បាច់គុនមួយនេះ លោកហ៊ានប្រមូលថវិកាអោយគ្រប់តាមការប្រកាស បើមានការប្រកួតមែន ហើយ បើលោកឈ្នះបានលុយ ៥ ម៉ឺនដុល្លារ នេះ លោកក៏មិនយកទៅប្រើប្រាស់សម្រាប់ជីវភាពរបស់លោកដែរ គឺយកទៅបើកក្លិប រឺធ្វើជាកន្លែង ហាត់ណាមួយសម្រាប់កីឡាករ ខ្មែរខាង MMA នេះហាត់ដើម្បីប្រកួតលើឆាកអន្តរជាតិ និងដើម្បីអោយគេទទួលស្គាល់កីឡាករខ្មែរ ។

ចាន់ រតនា និងកីឡាករគុយបា
សូមបញ្ជាក់ថា មាស ម៉ើ ជាកីឡាករគុនចម្រុះកម្ពុជាម្នាក់ដែលប្រកួតជាង៣០នៅទឹកដីកម្ពុជានិងថៃមិនដែលចាញ់និងធ្លាប់ឈ្នះខ្សែក្រវាត់ KWC ទៀតផង ប៉ុន្តែក្រោយពីចាញ់៣ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ One Championship ធ្វើអោយគេសម្រេច ផ្អាកការឡើងសង្វៀនតាំងពីចុងឆ្នាំ២០១៨រហូត ហើយចាប់ផ្តើមវិលមកការប្រកួតវិញ្ញាសារ ជឺជីតស៊ូ នៅប្រទេសចិន និងយូដូ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នាប្រទេស ហ្វីលីពីន ដែលទើបបញ្ចប់ថ្មីៗដោយរូបគេប្រកួតជុំទី១ឈ្នះ ម៉ាឡេស៊ី ប៉ុន្តែជុំទី២ចាញ់ម្ចាស់ផ្ទះធ្វើអោយបាត់បង់ឱកាសយកមេដាយតែម្តង ហើយតាំងពីចប់ព្រឹត្តិការណ៍ស៊ីហ្គេម មករូបគេមិនដែលឡើងសង្វៀន នោះឡើយ ដោយសារបញ្ហារបួសជង្គង់ ៕