គម្រប់សង្វៀនទី១០០ One Championship មានគូដណ្តើមខ្សែក្រវាត់៣និងដណ្តើមលុយ១លានដុល្លារ
ការប្រកួតដ៏ធំជាប្រវិត្តសាស្ត្ររបស់ស្ថាប័ន One Championship ថ្ងៃគម្រប់សង្វៀនលើកទី១០០ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ ប្រទេសជប៉ុនមានគូដណ្តើមខ្សែក្រវាត់ចំនួន៣គូក្នុងប្រភេទទម្ងន់ផ្សេងគ្នានិងការប្រកួតវគ្គផ្តាច់ព្រ័ត្រKickboxing ដណ្តើមលុយ១លានដុល្លារសហរដ្ឋអាមេរិក ។
គូដណ្តើមខ្សែក្រវាត់ LIGHT HEAVYWEIGHT WORLD CHAMPIONSHIP គឺជាការជួបគ្នារវាងកីឡាករហ្វីលីពីន Brandon Vera ប៉ះកំពូលអ្នកប្រដាល់មីយ៉ាន់ម៉ា Aung La N Sang ។ Brandon Vera ជាម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion មានបទពិសោធប្រកួត MMA ឈ្នះ ១៦ និងចាញ់ ៧ ហាត់នៅក្លិប Alliance Training Center ចំណែក Aung La N Sang ជាម្ចាស់ខ្សែក្រវាត់ចំនួនពីរប្រភេទទម្ងន់របស់ស្ថាប័ន One Championship ពោលគឺរូបគេកាន់ខ្សែក្រវាត់ One Light Heavyweight និង One Middleweight World Champion មានបទពិសោធប្រកួតឈ្នះ ២៥ ចាញ់ ១០ មានជំនាញក្បាច់ BJJ , Boxing និង Muay Thai ហាត់នៅក្លិប Hard Knocks 365 ។
គូដណ្តើមខ្សែក្រវាត់ BANTAMWEIGHT WORLD CHAMPIONSHIP ម្ចាស់ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករប្រេស៊ីល Bibiano Fernandes ជួបកីឡាករហ្វីលី ពីន KEVIN BELINGON ក្នុងជំនួបសងសឹកនិងការពារខ្សែក្រវាត់របស់ខ្លួនវិញផងដែរ។ ពួកគេទាំងពីរនាក់ធ្លាប់ឈ្នះចាញ់ជាមួយគ្នាកន្លងមករួចហើយ ខណៈលើកចុងក្រោយកីឡាករប្រេស៊ីល Bibiano Fernandes ដណ្តើមខ្សែក្រវាត់បានពី KEVIN BELINGON កាលពីថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១៩ នេះ បន្ទាប់ពីរូបគេធ្លាប់បាត់បង់ក្រោមស្នាដៃរបស់ BELINGON ។
ការប្រកួតដណ្តើមខ្សែក្រវាត់មួយទៀតគឺកីឡាករថៃ Rodtang Jitmuangnon ត្រូវការពារខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ជាមួយកីឡាករប្រេស៊ីល Walter Goncalves ។ Rodtang ដែលធ្លាប់ឈ្នះកីឡាករគុនខ្មែរ សុខ ធី ដណ្តើមខ្សែក្រវាត់នេះបានពីកីឡាករអង់គ្លេស Jonathan ចំណែកកីឡាករ Walter ដែលមកដណ្តើមនេះមានបទពិសោធប្រកួត Muay Thai ឈ្នះ ៦៥ និងចាញ់ ៥ ដង ហ្វឹកហាត់នៅក្លិប Blackthai CT ។
ការប្រកួតដ៏ធំប្រចាំព្រឹត្តិការណ៍នេះ១គូទៀតគឺវគ្គផ្តាច់ព្រ័ត្រ Kickboxing ដណ្តើមលុយ១លានដុល្លាររវាងកីឡាករ Giorgio Petrosyan ប៉ះ Samy Sana ។
កីឡាករអ៊ីតាលី Petrosyan មុនដល់វគ្គនេះបានផ្តួលកីឡាករថៃ Jo Nathanvuth ក្នុងទឹកទី១ បទពិសោធប្រកួតKickboxing ឈ្នះ ១០២ ចាញ់ ២ និងស្មើ ២ ចំណែកកីឡាករបារាំងកាត់ អាល់ហ្សារី Samy Sana បានយកឈ្នះកីឡាកររុស្សី Askerov ដោយពិន្ទុក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ នេះ ។ កីឡាករដែលកើតនៅទីក្រុងបារីស មានបទពិសោធប្រកួត Kickboxing ឈ្នះ ១៣៥ ចាញ់ ៩ និងស្មើម្តង និងធ្លាប់ផ្តួលជើងខ្លាំងរបស់ថៃ យ៉តសែនខ្លៃ ផងដែរក្នុងកម្មវិធីនេះ ។
ទាំងនេះជាគូសំខាន់ៗក្នុងការប្រកួតគម្រប់សង្វៀនលើកទី១០០របស់ One Championship ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ ប្រទេសជប៉ុន រួមទាំង៧គូផ្សេងទៀតសម្រាប់កម្មវិធីទី២ដែលចាប់ផ្តើមពីម៉ោង ៥ ល្ងាច ខណៈកម្មវិធីទី១ក្នុងថ្ងៃនោះដែរចាប់ផ្តើមប្រកួតពីម៉ោង៩ព្រឹកដែលមានការប្រកួតដណ្តើមខ្សែក្រវាត់រួមជាមួយគូពិសេសៗជាច្រើនដែលស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ធ្វើការផ្សាយបន្តផ្ទាល់ ៕