តើជំនួបលើកទី៣នេះ ផល សោភ័ណ្ឌ អាចឈ្នះ ហ្វុងលួង ដែររឺទេ? មកតាមដានអ្នកវិភាគ២រូបទាំងអស់គ្នា
ធ្លាប់មានអ្នកស្នេហាវិស័យគុនខ្មែរជាច្រើនបានសួរថា តើជំនួបលើកទី៣នេះ ផល សោភ័ណ្ឌ អាចសងសឹកលើកីឡាករថៃ ហ្វុងលួង បានរឺទេ? ពិតណាស់! ពិតជាពិបាក នេះបើយោងតាមការជជែកតៗគ្នារបស់អ្នកស្នេហាវិស័យគុនខ្មែរ ក្នុងនោះលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់នៅសាលាគុនក្រសួងការពារជាតិក៏និយាយថា៖ ផល សោភ័ណ្ឌ ពិតជាពិបាកក្នុងការយកឈ្នះលើកីឡាករ ហ្វុនលួង ព្រោះមួយរយះពេលចុងក្រោយនេះលោកសង្កេតឃើញថា ផល សោភ័ណ្ឌ ស្ទើរការឡាំ និងចូលចាប់ តែប្រសិនបើវ៉ៃឆ្ងាយ សោភ័ណ្ឌ មានប្រៀបជាងច្រើន សរុបមកលោកគ្រូចង់ឲ្យ សោភ័ណ្ឌ កុំចូលជិតជាមួយ ហ្វុនលួង ត្រូវតែវ៉ៃឆ្ងាយតាមតែអាចធ្វើទៅបាន នោះយើងអាចនឹងមានប្រៀបឈ្នះគេ។
ចំណែកឯលោក ម៉ុលនី ដែលជាអ្នកគាំទ្រគុនខ្មែរយ៉ាងខ្លាំង លោកក៏បាននិយាយដែលថា៖ ពីមុន ហ្វុនលួង នៅមិនទាន់ល្អយើងវ៉ៃមិនឈ្នះគេផង ចុះពេលនេះគេល្អគ្រប់សព្វ ស្របពេលដែលយើងមិនល្អដូចមុន តើឲ្យរំពឹងឈ្នះគេម្តេចកើត។ លោកក៏បានបន្ថែមទៀតថា អ្នកទាំង២អាចវ៉ៃគ្នាឲ្យល្អមើលបាន តែបើឲ្យគុនខ្មែរឈ្នះគេ គឺរាងពិបាកបន្តិច ម្យ៉ាងវិញទៀត ពីមុន ផល សោភ័ណ្ឌ ល្អណាស់ តែឥឡូវវិញបានតែ៣ទឹកចាប់ផ្តើមស្រុតកំលាំងយកតែម្តង គាប់ជួនយើងកំពុងតែធ្លាក់ទំរង់ប្រកួត ស្របពេលដែលគេកំពុងតែឡើង ចឹងយើងកាន់តែពិបាកយកឈ្នះគេ។ សូមបញ្ជាក់ថា ផល សោភ័ណ្ឌ និង ហ្វុនលួង ត្រូវប្រកួតជាលើកទី៣ជាមួយគ្នានៅសង្វៀន បាយ័ន ថ្ងៃទី១៣ ខែតុលា ស្អែកនេះ។ ហើយប្រវត្តិ២លើកជួបគ្នាលើកមុនគឺ ហ្វុនលួង ឈ្នះទាំង២លើក៕