សេរីវាន់ថង សម្រេចចូលរៀននៅសកលហើយ ខណៈប្រធានកីឡា CBS ជួយចំណាយរហូតចប់បរិញ្ញាប័ត្រ
ធ្វើតាមការសន្យាលោក ស៊ីថូ ណាថាន់ ប្រធានកីឡាប្រចាំក្រុមហ៊ុន CBS បានជួយបង់ថ្លៃសិក្សាពាក់កណ្តាលរៀននៅសកលវិទ្យាល័យរហូតចប់បរិញ្ញាប័ត្រដល់កីឡាករគុនខ្មែរ ឈុត សេរីវាន់ថង ដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ក្នុងឆ្នាំនេះ ។
ការជួយដល់អ្នកប្រដាល់នៃក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងនេះលោក ស៊ីថូ ណាថាន់ បានបញ្ជាក់ថា ដោយសារលោកស្រលាញ់គុនខ្មែរនិងស្រលាញ់អ្នករៀនសូត្រ ជាពិសេសចង់អោយកីឡាករមានកម្រិតការសិក្សាខ្ពស់បន្ថែមលើការចាប់យកអាជីពគុនខ្មែរ ។
ម្ចាស់ពានលោកគ្រូ ម៉ា សេរី និង ម្ចាស់ពានរង្វាន់ ISI Palm រដូវកាលទី២ បានប្រលងជាប់និទ្ទេស E មធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ខាង ស្វៃរិន សម័យប្រលងថ្ងៃទី ១៩ នេះ បន្ទាប់ពីរូបគេបានខកខានមិនបានប្រលងកាលពីឆ្នាំ២០១៨ ដោយសារសម្រេចមិនមិនចូលរួមប្រលង ពីព្រោះត្រូវត្រៀមប្រកួតជាមួយ ឡុង ជិន ដណ្តើមខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍ អាស៊ី អាគ្នេយ៍ ដោយពេលនោះគេបានត្រឹមជើងឯករងប៉ុណ្ណោះ ។
ឈុត សេរីវាន់ថង បានសម្រេចចូលរៀបផ្នែកច្បាប់នៅសកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង ដោយក្នុងមួយឆ្នាំត្រូវបង់ថ្លៃសិក្សាជិត៦០០ដុល្លារ ខណៈលោក ស៊ីថូ ណាថាន់ ជួយការចំណាយពាក់កណ្តាលរហូតរៀនចប់ ៕